ផ្លូវជាតិលេខ១០ប្រវែងជិត២០០គីឡូម៉ែត្រ តម្លៃជាង១៨៨លានដុល្លារ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែសីហា​

បាត់ដំបង៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ដោយឆ្លងកាត់​ខេត្តពោធិ៍សាត់ ទៅបញ្ចប់នៅ​ខេត្ត​កោះកុងប្រវែង​សរុប១៩៧,៣៦គីឡូម៉ែត្រ ,ទទឹង៩ម៉ែត្រ នឹងសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។ផ្លូវនេះ​សាង​សង់​ជា​ប្រភេទក្រាលកៅស៊ូពីរ​ស្រទាប់ ​​​​​(DBST)តម្លៃជា១៨៨លានដុល្លារអាមេរិក ។

កាលពីថ្ងៃទី១៦ ខែកក្កដា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអម​ដំណើរឯកឧត្តម​សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញពិនិត្យកំណត់ទីតាំងដើម្បីត្រៀមរៀបចំពិធី​សម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការផ្លូវជាតិលេខ១០ ដែលនឹងប្រារព្ធក្នុងភូមិសាស្រ្តស្រុកសំឡូត នៅថ្ងៃទី៧ ខែសីហាខាងមុខ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្នុងដំណើរចុះត្រួតពិនិត្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ក៏បានបើក​កិច្ចប្រជុំពិភាក្សាពីផែនការរៀប​ចំនិង​បែងចែកភារកិច្ចលម្អិត ដើម្បីឱ្យដំណើរការ​ប្រព្រឹត្តទៅដោយរលូន និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល។

សូមជម្រាបថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ​សរុប១៩៧,៣៦​គីឡូម៉ែត្រ ,ទទឹង៩ម៉ែត្រ។ផ្លូវនេះបានតភ្ជាប់​ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ និងបញ្ចប់​នៅខេត្តកោះកុង ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងគ្រោងចំណាយប្រមាណ១៨៨,៣៨លានដុល្លារ ជាហិរញ្ញប្បទាន​ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។​ ផ្លូវនេះ សាងសង់​ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស​ក្វាងចូវ វ៉ានអាន ។

ផ្លូវមួយខ្សែនេះផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាតិយ៉ាងច្រើនតាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម​ក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម។ ជាពិសេសក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀត​ពីបណ្តា​ខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និង មជ្ឈមណ្ឌល​ភស្តុភារកម្ម ដោយមិនចាំបាច់ ឆ្លងកាត់រាជធានីភ្នំពេញដែលនាំឱ្យមានការកកស្ទះចរាចរណ៍។

មិនតែប៉ុណ្ណោះ ផ្លូវជាតិលេខ១០ក៏ជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តអា
ចបាន​គយគន់​និងផ្តិយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាលតាមដងផ្លូវមួយខ្សែនេះ ដោយសារតែផ្លូវនេះ មានតំបន់ធម្មជាតិជាច្រើនអមសងខាងផ្លូវ មានព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។ជាពិសេសកាន់តែទាញទៀតនោះ មានស្ពានខ្ពស់ជាងគេនៅកម្ពុជា។ គឺជាស្ពាន លេខ២៨ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំឱ្យមាន នូវ ទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ជាមួយគ្នានេះក្រសួងក៏បានរៀប
ចំនូវទីធ្លាសម្រាប់ចតយានយន្ត នៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗ អាចចតរថយន្តប្រភេទទេសចរណ៍-គ្រួសារបានប្រមាណពី ៦០-៧០ គ្រឿង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner