ផ្លែទុរេនកម្ពុជា ប្រមាណ ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ជាផ្លូវការ
(ភ្នំពេញ)៖ នាពេលនេះ ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិនប្រមាណ ១៧តោន ត្រូវបានចេញផ្លូវការហើយ។នេះបើតាមការឲ្យដឹងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។
គួរបញ្ជាក់ថា ការនាំចេញផ្លែទុរេនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។ មុននាំចេញ រដ្ឋបាលគយចិនបានពិនិត្យគុណភាព អនាម័យ ភូតគាមអនាម័យ និងសុវត្ថិភាពយ៉ាងម៉ត់ចត់ នូវផ្លែទុរេនស្រស់ដែលមកពីចំការចំនួន ១១២ និងរោងចក្រវេចខ្ចប់ ៣០។
បើតាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង៕
ដោយ ៖ ម៉ាដេប៉ូ





