អឺរ៉ុបចោទលោក Putin ប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមអ៊ុយក្រែន

ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas និយាយថា ស្របពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump ដាក់ឱសានវាទចំនួន ៥០ថ្ងៃឱ្យមេដឹកនាំរុស្ស៊ី លោក Vladimir Putin បញ្ឈប់ការប្រយុទ្ធ និងវិលរកតុចរចាសន្តិភាពនោះ កងកម្លាំងអ៊ុយក្រែននៅសមរភូមិជួរមុខកំពុងទទួលរងនូវការវាយប្រហារដោយអាវុធគីមី នេះបើតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា។

លោកស្រី Kallas បានថ្លែងបែបនេះនៅក្នុងទីក្រុងព្រុចសែល ដោយផ្អែកតាមរបាយការណ៍របស់ចារកម្មអាល្លឺម៉ង់ និងហូឡង់ ដែលរកឃើញថា រុស្ស៊ីបានប្រើប្រាស់អាវុធគីមីយ៉ាងហោចណាស់ ៩.០០០លើក ចាប់តាំងពីកងកម្លាំងទីក្រុងមូស្គូចូលលុកលុយអ៊ុយក្រែនពេញទំហឹង ហើយបច្ចុប្បន្នរុស្ស៊ីក៏កំពុងបង្កើនការប្រើប្រាស់សព្វាវុធដ៏គ្រោះថ្នាក់របស់ពួកគេផងដែរ។

ជើងខ្លាំងការទូតអឺរ៉ុបវ័យ៤៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា នៅពេលដែលសេវាចារកម្មរាយការណ៍ថា រុស្ស៊ីបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមនៅអ៊ុយក្រែន បញ្ហានេះបានបង្កជាការព្រួយបារម្ភដ៏ធំសម្បើម។ លោកស្រីថា ការប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់នេះ បានសបញ្ជាក់ថា រុស្ស៊ីចង់បង្កការឈឺចាប់ និងការរងទុក្ខវេទនាហួសថ្លែង ដើម្បីបង្ខំឱ្យអ៊ុយក្រែនអោនក្បាលលត់ជង្គង់សុំចុះចាញ់ ដែលនេះជារឿងមិនអាចទទួលយកបានទេ។

លោកស្រី Kallas បន្ថែមថា យោងតាមរបាយការណ៍របស់សេវាស៊ើបការណ៍សម្ងាត់ និងការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់លោកស្រី បានរកឃើញមានការប្រើប្រាស់សារធាតុ chloropicrin ដែលជាអាវុធគីមីដំបូងបង្អស់ត្រូវបានបង្កើតឡើងកាលពីសម័យសង្គ្រាមលោកលើកទី១។

បើតាមវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក, សារធាតុ chloropicrin អាចត្រូវបានយកទៅប្រើជាអាវុធគីមី និងថ្នាំសម្លាប់សត្វល្អិត ហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ប្រសិនស្រូបវាចូល។ ក្រៅពីសារធាតុគីមី chloropicrin ចារកម្មអឺរ៉ុបក៏បានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់សារធាតុគីមី Lewisite ផងដែរ។

ទន្ទឹមគ្នា ប្រមុខការទូតកំពូលអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការបង្កើតខ្សែបន្ទាន់ក្រហម ហៅឈ្មោះថា “Obama” ឬជាខ្សែបន្ទាត់ក្រហម “Trump” ដ៏រឹងមាំ ដើម្បីធានាថា លោកប្រធានាធិបតី Putin នឹងមិនប្រើប្រាស់អាវុធគីមីដ៏សាហាវបំផុតរបស់គាត់ ដើម្បីព្យាយាមដណ្តើមយកទឹកដីរបស់អ៊ុយក្រែនបន្ថែមទៀតនៅរដូវក្តៅនេះ។

ចំណែក “សម្ព័ន្ធនៃឆន្ទៈដូចគ្នា” នៅអឺរ៉ុបក៏ត្រូវធ្វើដូចគ្នាដែរ ដើម្បីបង្ហាញរណសិរ្សរួបរួមបញ្ចុះបញ្ចូលវិមានក្រឹមឡាំងឱ្យព្រមទទួលស្គាល់ថា បទឈប់បាញ់ និងសន្តិភាព គឺជាជម្រើសតែមួយគត់សម្រាប់ពួកគេ៕

ប្រភព ៖ The Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner