ផ្លូវចំនួនបីខ្សែ ក្នុងខេត្តបាត់ដំបងនិងប៉ៃលិន បានទទួលការវាយតម្លៃ
បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម និង មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មន្រ្តីនាយកដ្ឋានផ្លូវលំជនបទ (ក្រុម គ.ត.វ.),ក្រុមការងារអន្តរក្រសួង មន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានអញ្ជើញពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួនពីរគម្រោងមានចំនួនបីខ្សែ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
សូមជម្រាបថា ផ្លូវចំនួនបីខ្សែនៃពីរគម្រោងនេះ ក្នុងនោះគម្រោងទី១ ខ្សែផ្លូវទី១ជាផ្លូវប្រភេទការងារថែទាំខួប ដោយក្រាលកៅស៊ូDBST បន្ថែមពីលើស្ថិតលើកំណាត់ផ្លូវកំពង់ព្រៀង-ស្វាយជាតិ នៃឃុំកំពង់ព្រៀង ឃុំស្វាយជាតិ ស្រុកសង្កែ ខេត្តបាត់ដំបងប្រវែង ៦.៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ព្រមទាំងគំនូសចរាចរណ៍ទំហំ ១.៣០០ម៉ែត្រការ៉េអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។
ចំណែកគម្រោងទី២ គឺការងារថែទាំខួបផ្លូវចំនួនពីរខ្សែ ដោយក្រាលល្បាយថ្មភ្នំប្រវែង១០.៩០០ម៉ែត្រ ,ទទឺង ៥ម៉ែត្រ និងមានដាក់លូមុខមួយ មុខពីរ ចំនួនបីកន្លែង ស្ថិតនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ឃុំអូរអណ្តូង នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ។
ក្នុងដំណើរចុះត្រួតពិនិត្យកាលពីថ្ងៃទី១៧ ខែកក្កដា ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍កោតសរសើរលើកទឹកចិត្តដល់ក្រុមការងារនិងមន្ត្រីអនុវត្តគម្រោងផ្ទាល់ ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង២ បាត់ដំបង និងប៉ៃលិនដែលបានបំពេញកាតព្វកិច្ចក្នុងការងារអនុវត្តគម្រោងដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលល្អប្រសើរ។
ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរម្លឹកដល់មន្ត្រីអនុវត្តគម្រាងផ្ទាល់ និងថ្នាក់ដឹកនាំមន្ទីរសូមបន្តតាមដានយកចិត្តទុកដាក់បន្ថែម ក្នុងការចុះពិនិត្យមើលផ្លូវ និង យកចិត្តទុកដាក់ ក្នុងការថែទាំផ្លូវ ដែលមានក្នុងភូមិសាស្ត្រខេត្តនីមួយៗរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ។ត្រូវចូលរួមផ្សព្វផ្សាយទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលជាហេតុធ្វើឱ្យខូចខាតដល់ផ្លូវ។
សូមជម្រាបថា កំណាត់ផ្លូវទាំងបីខ្សែនេះក្រោយការលើកម្រិតគុណភាព និងជួសជុលរួចបានរួមចំណែកដោយផ្ទាល់
និងប្រយោលក្នុងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់ជនបទយ៉ាងពិតប្រាកដ៕






អត្ថបទ-រូបភាព ÷ អ៊ុក សំអាន ប.ប.