កូរ៉េខាងជើងចោទជប៉ុនចង់ក្លាយជាមហាយក្សយោធាក្នុងលោក
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី១៨ ខែកក្កដា បានចេញផ្សាយថា របបដឹកនាំលោក គីម ជុងអ៊ុន បានចង្អុលមុខប្រទេសជប៉ុនចំៗថា មានមហិច្ឆតាចង់ក្លាយជាមហាអំណាចយោធាធំបំផុតក្នុងលោក និងថា មូលហេតុនេះហើយ ទើបធ្វើឱ្យកូរ៉េខាងជើងចាត់ទុកការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ គឺជារឿងត្រឹមត្រូវ និងមិនអាចខ្វះបាន។
ការរិះគន់ធ្ងន់ៗរបស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញ សៀវស ស្ដីពីគោលនយោបាយការពារជាតិថ្មីរបស់ប្រទេសជប៉ុន ដែលចោទប្រកាន់ចិន រុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទី២។ សៀវភៅសនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Shigeru Ishiba កាលពីថ្ងៃទី១៥ ខែកក្កដា។
យោងតាមមន្ត្រីម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកវិទ្យាស្ថានសិក្សាពីជប៉ុន បានចាត់ទុកថា សៀវសរបស់ជប៉ុនដែលត្រូវបានអនុម័តចេញផ្សាយក្នុងសប្ដាហ៍នេះ គឺជាសេណារីយ៉ូសង្រ្គាមមួយ ដើម្បីសម្រេចមហិច្ឆតារបស់ជប៉ុនសម្រាប់ការឈ្លានពានសាជាថ្មី។
បើតាមមន្ត្រីដដែល ជប៉ុនកំពុងបង្កើនភាពតានតឹងក្នុងតំបន់បន្តិចម្ដងៗ ដើម្បីបម្រើជាលេសប្រែក្លាយខ្លួនទៅជាមហាអំណាចយោធាក្នុងលោក។ ដូច្នេះសកម្មភាពយោធាជប៉ុនបានបង្ហាញថា កិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺជារឿងត្រឹមត្រូវ និងមិនអាចខ្វះបាន ដើម្បីកំញើញទប់ស្កាត់ការបង្ករឿងពីអាមេរិក និងសម្ព័ន្ធមិត្ត៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា