សម្តេចធិបតី៖ យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសាជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការចុះ “បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺសង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា និងឧក្រិដ្ឋកម្មនៃការកាប់សម្លាប់ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម តែក៏ជានិមិត្តរូបនៃការតស៊ូ និងការរស់រានឡើងវិញនៃប្រជាជាតិកម្ពុជាផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចធិបតីបានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្ហាញយ៉ាងប្តូរផ្តាច់របស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មដែលឈឺចាប់កន្លងមក ឱ្យទៅជាទីតាំងប្រសព្វមួយនៃភាពសន្ទនា សន្តិភាព ការយោគយល់ អត់ឱន និងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំ និងបញ្ជ្រាបចូលក្នុងគោលនយោបាយ នៃការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍វិលមកវិញសាជាថ្មី ទោះជានៅទីកន្លែងណាក៏ដោយក្នុងពិភពលោកទាំងមូល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសារជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត







