រុស្ស៊ីគំរាមវាយលោកខាងលិចមុន ខណៈណាតូសម្រុកបញ្ជូនអាវុធឲ្យអ៊ុយក្រែន

មូស្គូ ៖ លោកអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev និយាយថា ទីក្រុងមូស្គូគួរតែពិចារណាចាប់ផ្តើមការវាយប្រហារទុកជាមុន ប្រឆាំងនឹងលោកខាងលិច ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន កំពុងបង្កើនការគាំទ្រផ្នែកការពារជាតិជួយដល់អ៊ុយក្រែន ពិសេសពន្លឿនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ឱ្យអ៊ុយក្រែន។

សារព័ត៌មាន Fox News បានចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដាថា លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tass ថា យើងត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដើម្បីឆ្លើយតបឱ្យបានពេញលេញ ហើយប្រសិនបើចាំបាច់… យើងនឹងចាប់ផ្តើមការវាយប្រហារជាមុន។

លោក Medvedev វ័យ៦០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ទៀតថា សកម្មភាពរបស់អង្គការណាតូ គឺស្មើនឹងការដុតបញ្ឆេះភ្លើងសង្រ្គាមពេញលេញប្រឆាំងជាមួយរុស្ស៊ីពីសំណាក់លោកខាងលិច។

ការអត្ថាធិប្បាយរបស់លោក Medvedev កើតឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសគំរាមដំឡើងពន្ធបន្ទាប់បន្សំលើរុស្ស៊ី ដោយដំឡើងពន្ធ ១០០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើវិមានក្រឹមឡាំងមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃខាងមុខ។

លោកប្រធានាធិបតី Trump បាននិយាយក្នុងសប្តាហ៍នេះថា អាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់រដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលបន្ទាប់មកនឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន ហើយកាលពីថ្ងៃពុធ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះបានលើកឡើងថា សព្វាវុធទំនើបនេះ បានដឹកជញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់រួចហើយ៕

ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner