អាមេរិកថា ស៊ីរី-អ៊ីស្រាអែលព្រមព្រៀងឈប់បាញ់ហើយ
បរទេស ៖ មេដឹកនាំប្រទេសអ៊ីស្រាអែល និងស៊ីរី បានយល់ព្រមលើបទឈប់បាញ់ នេះបើយោងតាម បេសកជនអាមេរិក ដែលបានអះអាង កាលពីថ្ងៃសុក្រ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំថ្មី របស់ស៊ីរី បានយល់ព្រម លើបទឈប់បាញ់ ដែលគាំទ្រ ដោយប្រទេសជិតខាង រួមមាន ទួកគី និង ហ្ស៊កដានី នេះបើតាមលោក Tom Barrackឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ ប្រទេសតួកគី ដែលជាអ្នកសម្របសម្រួល ក្នុងជម្លោះនេះ។
លោក បានសរសេរ នៅលើបណ្តាញសង្គម X ថា «យើងអំពាវនាវឱ្យ Druze, Bedouins និង Sunnis ទម្លាក់អាវុធរបស់ពួកគេ ហើយរួមគ្នា ជាមួយជនជាតិភាគតិចផ្សេងទៀត បង្កើតអត្តសញ្ញាណ ស៊ីរីថ្មី និងរួបរួមក្នុងសន្តិភាព និងវិបុលភាព ជាមួយប្រទេសជិតខាង»។
គួរបញ្ជាក់ថា អ៊ីស្រាអែល កាលពីថ្ងៃពុធ បានធ្វើការវាយប្រហារ តាមផ្លូវអាកាស ធំៗ នៅក្នុងរដ្ឋធានី ដាម៉ាស របស់ស៊ីរី រួមទាំង ទីស្នាក់ការកងទ័ព ផងដែរ។
អ៊ីស្រាអែលបាននិយាយថា ជាការវាយ ដើម្បីការពារសហគមន៍ Druze បន្ទាប់ពីក្រុបនេះ បានប៉ះទង្គិចគ្នា យ៉ាងសាហាវ ជាមួយនឹងក្រុម Bedouins នៅតំបន់ Sweida ភាគខាងត្បូង នៃប្រទេសស៊ីរី។
តែ អ្នកការទូត និងអ្នកវិភាគមួយចំនួន មើលឃើញថា អ៊ីស្រាអែលកំពុងបង្កើន ការខូចខាតជាអតិបរមា ដល់ប្រទេសស៊ីរី ដែលជាសត្រូវប្រវត្តិសាស្ត្រ កាន់តែចុះខ្សោយ បន្ទាប់ពីកងកម្លាំងអ៊ីស្លាមនិយមបានផ្តួលរំលំ អតីតមេដឹកនាំយូរអង្វែង គឺ លោក Assad ដែលជាសម្ព័ន្ធមិត្ត របស់អ៊ីរ៉ង់ កាលពីខែធ្នូ ឆ្នាំ២០២៤៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
