ជនជាប់ចោទ ៨នាក់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន

( ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។

យោងតាមបណ្តាញសង្គម តេឡេក្រាម នៅក្នុងក្រុមអ្នកសារព័ត៌មានរបស់ក្រសួងព័ត៌មាននៅល្ងាចយប់ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២៥បានឱ្យដឹងថាជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤០៤២ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៨នាក់ ១-ឈ្មោះ FAN TUN ២-ឈ្មោះ WU KWOK HUNG ៣-ឈ្មោះ NG CHUN KEAN KENNY ៤-ឈ្មោះ TANG KING HIN ៥-ឈ្មោះ YANG GUI SHUN ៦-ឈ្មោះ LING JINGHUA ៧-ឈ្មោះ BU LONG និង៨-ឈ្មោះ ZHOU KAI ZHI និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធអនឡាញ (online scam)។

ក្រោយពីតុលាការបានពិនិត្យលើរបាយការណ៍របស់សមត្ថកិច្ច លទ្ធផល កោសលវិច័យបឋមលើកុំព្យូទ័រ ទូរសព្ទដៃ ព្រមទាំងពិនិត្យទៅលើភស្តុតាង នានាមួយចំនួនទៀត និងក្រោយពីបានសាកសួរយកចម្លើយជនសង្ស័យ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការឃើញថា ក្រុមជនសង្ស័យដែល ត្រូវបានសមត្ថកិច្ចបង្រ្កាបកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:០០នាទី នៅចំណុចអាគារ DYVITHHOTEL ស្ថិតនៅលើផ្លូវលេខ ១០១១ ភូមិ ឧកញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ពិតជាបានប្រើប្រាស់កម្មវិធីonline scam ដោយមានការផលិតវីដេអូ រូបភាពអាសអាភាស ដោយបង្កើតជា studio ក្លែងខ្លួនជាមន្រ្តីនគរបាល ប្រទេសចិនជំរិតគម្រាមទារប្រាក់ដោយក្លែងឯកសារផ្លូវច្បាប់, ឆបោក (ROMAN SCAM) បង្កើតគណនីបណ្តាញសង្គមក្លែងក្លាយលួងលោម ជនរងគ្រោះវេរប្រាក់។

ជាលទ្ធផលព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ខាងលើ និងមេក្លោងផ្សេងទៀតពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមាន ការចាត់តាំង និងក្លែងបន្លំ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៧១០ អ.យឍ ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នៅក្នុងនីតិវិធីស៊ើបសួរ ចៅក្រមបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងពិនិត្យទៅលើភស្តុតាងដែលមានក្នុងសំណុំរឿង មានភាពស៊ីសង្វាក់គ្នា ទៅនឹងចម្លើយរបស់ជនត្រូវចោទ ទើបចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទទាំង៨នាក់ខាងលើជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា តុលាការនឹងបន្តនីតិវិធី ចោទប្រកាន់លើជនសង្ស័យផ្សេងៗ ទៀតដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះ ដោយមិនលើកលែងឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner