ក្នុងឆមាសទី១ ឆ្នាំ២០២៥នៃយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបាន ៩៤,១២ភាគរយ លើផ្លូវជាតិគោលដៅ នៅក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២ភាគរយ នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គម។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤ភាគរយ នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងបរតិស្ថាន បានបន្ថែមថា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារមូលហេតុផ្លូវកំពុងជួសជុល ប៉ុន្តែទោះជាយ៉ាងណា ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម ថា ផ្លូវជាតិទាំងអស់នៅកម្ពុជានឹង ទទួលបានភាពស្អាត នៅក្នុងចុងឆ្នាំ២០២៥ ខណៈពេលផ្លូវជាតិចំនួនជាង៧៥% ស្មើនឹងប្រមាណ៤ ៧២៥ គម នៃចំនួនផ្លូវដែលបានសម្អាត មានស្ថានភាពស្អាតល្អ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ឃុំ សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុប នៅកម្ពុជាមានចំនួន ៩៥០ ឃុំ/សង្កាត់ ក្នុងនោះឃុំ/សង្កាត់ចំនួន ៨៩៥ បានចូលរួម ក្នុងយុទ្ធនាការ «ផ្លូវជាតគ្មានសំរាម និងសំណល់ប្លាស្ទិក» និងមានអ្នកចូលរួមសរុបចំនួន ២៦៣ ៥៥២នាក់ ព្រមទាំងបានប្រមូលទុកដាក់សំណល់បានចំនួនជាង ៣៤៥តោន។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ការប្រកាសដាក់ចេញយុទ្ធនការសំអាតផ្លូវជាតិ ខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសម្អាតសាកល្បង តាមដងផ្លូវជាតិមួយចំនួន នាពេលកន្លងមក ជាពិសេសការសំអាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មាសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ ចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព ក៏ដូចជាការទាក់ទាញការចាប់អារម្មណ៍ ពីអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត៕
ដោយ ៖ ម៉ាដេប៉ូ














