ក្រុមមន្រ្តីមកពីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យ និងទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
(សៀមរាប)៖ សំដៅទប់ស្កាត់បទល្មើសនេសាទក្រុមមន្រ្តីមកពីក្រសួងបរិស្ថាន រួមជាមួយ យោធភូមិភាគទី៤បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ក្នុងរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ចាប់ពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងការចុះត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយរួមមានដូចជា ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ,នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និង យោធភូមិភាគទី៤ រួមមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ដោយបានប្រើប្រាស់កាណូតចំនួន ០២គ្រឿង ក្នុងពេលកំពុងល្បាត ក្រុមការងារក៏បានជួយសង្គ្រោះកាណូតនេសាទចំនួន១គ្រឿង និងជនរងគ្រោះម្នាក់ ដែលត្រូវខ្យល់ព្យុះបោកបក់ពន្លិច នៅចំណុចជ្រោយវល្លិប្រេង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស ក្នុងបឹងទន្លេសាប ដែលជាធនធាន ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការ នេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕





ដោយ ៖ ម៉ាដេប៉ូ