អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគេនទេយ្យទាន និងទៀនព្រះវស្សាដល់វត្តចំនួនបួនក្នុងក្រុងកំពង់ចាម
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥អញ្ជើញនាំយកទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុ បច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ។

វត្តទាំងបួនដែលទទួលបានទៀនព្រះវស្សា និងបច្ច័យ មាន វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនៈដីដុះ និងវត្តសុទស្សរាមជ្រោយថ្ម ។ពិធីប្រគេនបានរៀបចំនៅវត្តខេមវ័នបឹងស្នាយ ហៅវត្តថ្មី នៃសង្កាត់សំបួរមាស។

ចំពោះទេយ្យវត្ថុនិងបច្ច័យដែលវេរប្រគេនព្រះសង្ឃវត្តទាំងបួន ក្នុងវត្តនីមួយៗមាន ទៀនចំណាំព្រះវស្សាមួយគូរ, ទឹកសុទ្ធប្រាំកេស,ទឹកក្រូច ១០កេស,ស្លឹកតែប្រាំគីឡូក្រាម,ស្ករសប្រាំគីឡូក្រាម,ទឹកដោះគោខាប់មួយកេស,ទឹកត្រី ប្រាំកេស,ទឹកស៊ីអ៊ីវប្រាំកេស,អង្ករ១០០គីឡូក្រាម, ផ្លែឈើមួយកន្ត្រក,ចង្ហាន់មួយស្រាក់,ត្រីខមួយកេស,មីមួយកេសធំ, និងបច្ច័យក្នុងមួយវត្តៗចំនួន ៣.១៦០.០០០ រៀល៕
ដោយ៖លី ពៅ


