រុស្ស៊ីចាយលុយខ្ជះខ្ជាយរាប់លានដុល្លារទិញតុក្កតា Labubus
មូស្គូ ៖ ទោះបីប្រទេសខ្លួនចំណាយលើសលុបក្នុងសង្គ្រាមអ៊ុយក្រែន និងរងសម្ពាធទណ្ឌកម្មក៏ដោយ ប្រជាជនរុស្ស៊ីនៅតែមិនបន្ថយដៃចាយវាយឡើយ ជាក់ស្តែងពួកគេបានចំណាយលុយខ្ជះខ្ជាយដល់ទៅជាង ១១លានដុល្លារទិញតុក្កតា Labubu។
តួលេខនេះបានបង្កើតកំណត់ត្រាថ្មីមួយក្នុងខែមិថុនា បើធៀបនឹងខែឧសភា ពោលគឺកើនឡើងរហូតដល់ ១.១៩០% ឯណោះ នេះបើតាមសារព័ត៌មាន TASS ដកស្រង់ទិន្នន័យពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Wildberries & Russ។
គិតមកទល់ពេលនេះ ការលក់សរុបនៃតុក្កតា Labubu នៅលើវេទិកា Wildberries ចាប់តាំងពីថ្ងៃទី១ ខែមករា មានទឹកប្រាក់ចំនួន ១៧.៦លានដុល្លារ។ ជនជាតិរុស្ស៊ីភាគច្រើនទិញតុក្កតា Labubu លើវេទិកា Wildberries នេះបើតាមក្រុមហ៊ុនបានប្រាប់ TASS កាលពីថ្ងៃអាទិត្យ។
បង្កើតឡើងដោយអ្នករចនាហុងកុង Kasing Lung សម្រាប់សៀវភៅរបស់គាត់មានចំណងជើងថា ‘The Monsters’ តួអង្គតុក្កតាមានធ្មេញមុតស្រួច Labubu បានផ្ទុះការគាំទ្រពាសពេញពិភពលោក ក្រោយក្រុមហ៊ុនចិន Pop Mart បានចាប់ផ្តើមដាក់លក់វានៅក្នុងប្រអប់អាថ៌កំបាំង ឬ blind Box ក្នុងឆ្នាំ ២០១៩។
ប្រជាប្រិយភាពរបស់ Labubu បានរីកសាយភាយខ្លាំងឡើងនៅឆ្នាំ២០២៤ នៅពេលដែលបុគ្គលល្បីៗលើពិភពលោក បង្ហោះរូបតុក្កតានេះលើបណ្តាញសង្គម។
បើតាមការបញ្ជាក់ពី Wildberries ការលក់តុក្កតា Labubu នៅតែមានការកើនឡើងគិតចាប់ពីខែឧសភា ឆ្នាំនេះ នៅពេលដែលតម្រូវការបានហក់ឡើងដល់ ៤.៧០០% បើធៀបនឹងខែមេសា ដោយស្រូបទាញប្រាក់ចំណូលដល់ទៅរាប់លានដុល្លារឯណោះ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា