ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងដែនដី ប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាន ដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍
(រតនគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋ នឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាន ដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ។
នេះជាប្រសាសន៍លើកឡើងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនបងប្អូនពលរដ្ឋ ស្ថិតនៅភូមិត្រុំ ឃុំឡាមិញ ភូមិយ៉ាសម ភូមិស៊ើង ភូមិចែត ភូមិគ្លិ ភូមិយ៉ែម និងភូមិស្មាច់ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការវាស់វែងដីធ្លីបង្ហើយ គឺជាកិច្ចការសំខាន់សម្រាប់កម្ពុជា ហើយជំហានបន្ទាប់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវមានភារកិច្ចយកធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាននេះ ដើម្បីប្រែក្លាយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង និងប្រើប្រាស់ធនធាននេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ពួកគាត់បន្ថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាននាពេលនេះ និងបានគូសបញ្ជាក់ថា គោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ គឺជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនៅដើមអាណត្តិទី៧នេះ ឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តការងារនេះ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស។ ទាក់ទិននឹងការវាស់វែងដីធ្លីបង្ហើយនេះ ឯកឧត្តមបានបញ្ជាក់ថានេះគឺជាជំហានមួយស្ថិតក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ដែលបានចាប់ផ្ដើមការធ្វើកំណែទម្រង់ដីធ្លីដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៨៥មកម៉្លេះ ។
ក្នុងការវាស់វែងដីធ្លីនេះ គឺបានប្រើប្រាស់កម្លាំងសរុប ក្នុងនោះត្រូវប្រើប្រាស់កម្លាំងដែលមានស្រាប់, បំពាក់សម្ភារៈនិងថវិកា និងត្រូវមានការជួយអន្តរាគមន៍គ្នាទៅវិញទៅមកពីគ្រប់ភាគីពាក់ព័ន្ធ។ នៅដើមអាណត្តិទី៧ នេះយើងនៅសល់ប្រមាណ ៥លានក្បាលដីដែលត្រូវចុះបញ្ជីដីធ្លីបង្ហើយ ហើយមកទល់ពេលនេះយើងនៅសល់ត្រឹមតែ ១៧ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវវាស់វែង ដូច្នេះយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយនេះ នឹងត្រូវចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខ ហើយនេះប្រហែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលយើងបានចុះបញ្ជីដីធ្លីបានចប់សព្វគ្រប់សរុបប្រមាណ១៣លានក្បាលដីនៅទូទាំងប្រទេស ដោយកិច្ចការនេះទាមទារ ឱ្យមានការឯកភាពជាតិ និងការស្រុះស្រួលគ្នា នោះទើបអាចបញ្ចប់ការងារចុះបញ្ជីដីធ្លីបានជោគជ័យ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កេតឃើញថា ខេត្តរតនគិរីមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ដូច្នេះឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យគិតគូរពិចារណាក្នុងការជំរុញប្រជាកសិករ ឱ្យបង្កើនការដាំដុះដំណាំកសិកម្មសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ ។
សូមបញ្ជាក់ថា ខេត្តរតនគីរីគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ រួមមាន៖ ខេត្តរតនគីរី ខេត្តកំពង់ធំ និងខេត្តកោះកុង ដែលបាននិងកំពុងតែវាស់វែងបញ្ចប់ ។
បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អគារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្ទាប់ពីបានជួសជុលកែលម្អយ៉ាងសម្រិតសម្រាំងរយៈពេល៦ឆ្នាំរួចមក ដើម្បីឲ្យសាកសមជាទីកន្លែងសម្រាប់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។
តាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តរតនគិរីបានឲ្យដឹងថា អគារដែលត្រូវបានដាក់សម្ពោធជាផ្លូវការនាពេលនេះ មានកម្ពស់ពីរជាន់ដែលមានទំហំ ១៧,៥ ម៉ែត្រ គុណនឹង២៤ ម៉ែត្រ, មានកម្ពស់ ១៣,៩ ម៉ែត្រ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះការដាក់សម្ពោធជាផ្លូវការនូវអគារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តរតនគិរីនាពេលនេះ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឲ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចបន្ថែមទៀត ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ និងឆ្លើយតបតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភថវិកា ២០០លានរៀល ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី ទុកសម្រាប់ចាត់ចែងបំពេញតម្រូវការផ្សេងៗ ៕








ដោយ / គ្រី សម្បត្តិ