កូរ៉េខាងជើងគ្រោងសង់នាវាពិឃាតទម្ងន់ ៥,០០០តោន បន្ថែម
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ កាលពីថ្ងៃអង្គារថា ប្រទេសនេះ បានប្តេជ្ញាថា នឹងសាងសង់នាវាពិឃាត ទម្ងន់ ៥,០០០តោន បន្ថែមទៀត បន្ទាប់ពីប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ មួយនេះ បានសម្ពោធនាវា ស្រដៀងគ្នានេះ ចំនួនពីរ គ្រឿង រួចហើយ ក្នុងឆ្នាំ២០២៥។
ជាការកត់សម្គាល់ មេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពកងទ័ពជើងទឹក អំឡុងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ នាវាចម្បាំងប្រភេទនាវាពិឃាតប្រភេទ ដំបូង កាលពីខែមេសា គឺនាវា Choe Hyon ។
ទីភ្នាក់ងារព័ត៌មាន KCNA បាននិយាយថា អ្នកគ្រប់គ្រងកំពង់ផែ Nampho បានជំរុញឱ្យកម្មករបំពេញតាមកាលកំណត់ នៃ ការសាងសង់នាវាថ្មី ដើម្បីរក្សា ផែនការកសាងកងទ័ព ដ៏មានឥទ្ធិពល របស់គណបក្ស និង ដើម្បីការពារយ៉ាងរឹងមាំ នូវអធិបតេយ្យភាព ដែនសមុទ្រ ដែលមិនអាចរំលោភបាន និងផលប្រយោជន៍ជាតិ។
យោធាកូរ៉េខាងត្បូង បាននិយាយថា កប៉ាល់នេះ អាចត្រូវបានបង្កើតឡើង ដោយមានជំនួយ ពី រុស្សី ជាថ្នូរនឹងការពង្រាយ ទ័ពរាប់ពាន់នាក់ ជួយទីក្រុងមូស្គូប្រយុទ្ធ នៅអ៊ុយក្រែន។
យ៉ាងណាមិញ នាវាពិឃាត ទម្ងន់ធ្ងន់នេះ ធ្លាប់ទទួលបរាជ័យ ក្នុងពិធីសម្ពោធ ជាលើកទី២ កាលពីខែឧសភា ប៉ុន្តែ ក្រោយមក ដាក់ឲ្យដំណើរការឡើងវិញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត