លើកកម្ពស់វិស័យសារព័ត៌មាន ឌីជីថល និងការជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយអនុវត្តដោយវិជ្ជាជីវៈកំពុងត្រូវបានលើកយកមកពិភាក្សាផុលផុសក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

(សៀមរាប)៖ សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០កំពុងជំរុញឱ្យលើកកម្ពស់ តាមរយៈសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit)ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បាន និងកំពុងជំរុញឱ្យលើកកម្ពស់វិស័យសារព័ត៌មានឌីជីថល និងការប្តេជ្ញាចិត្តប្រែក្លាយប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនៅក្នុងតំបន់។

ថ្លែងក្នុងពិធីបើកសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នាសណ្ឋាគារ សុខា ខេត្ត សៀមរាប នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថាតាមរយៈសន្និសីទនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយវាក៏កំពុងប្រែក្លាយជាចំណុចរបត់ផ្លូវមួយ ក្នុងការលើកកម្ពស់វិស័យសារព័តមាន និងការប្តេជ្ញាចិត្តឡើងវិញចំពោះគោលការណ៍ដែលណែនាំវិជ្ជាជីវៈដើម្បីលើកកម្ពស់សង្គមក្នុងតំបន់។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា”យើង រួមគ្នានិងអាចកសាងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលមានក្រមសីលធម៌ រួមបញ្ចូល គំនិតច្នៃប្រឌិត។យើងអាចរក្សាសេចក្តីពិតក្នុងយុគសម័យឌីជីថល។យើងអាចបម្រើប្រជាជនអាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយទំនុកចិត្ត”។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់នេះមិនគ្រាន់តែអំពីការប្រារព្ធពិធីប៉ុណ្ណោះទេ វាគឺជាការឆ្លុះបញ្ចាំង និងការប្តេជ្ញាចិត្តឡើងវិញ។ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ AMS បានវិវត្តទៅជាវេទិកាកំពូលសម្រាប់អ្នកផ្សាយ អ្នកបង្កើតគោលនយោបាយ អ្នកសិក្សា និងតួអង្គសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើងដោយបញ្ជាក់បន្ថែមថា “បដិវត្តន៍ឌីជីថលបានធ្វើឱ្យមានការបង្កើតខ្លឹមសារបែបប្រជាធិបតេយ្យ ពង្រីកព្រំដែននៃសារព័ត៌មាន និងពង្រីកសំឡេងដែលមិនធ្លាប់ឮ។ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងនូវព័ត៌មានមិនពិត ការនិយាយស្អប់ ភាពលំអៀងនៃការដោះស្រាយ និងការរីករាលដាលដ៏គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដែលប្រសិនបើយើងទុកចោលដោយគ្មានការគិតគូរនោះ វានឹងគំរាមកំហែងដល់ការបំផ្លាញមូលដ្ឋានគ្រឹះនៃសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា”សម្រាប់ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះយើងនឹងចែករំលែកទាក់ទិនក្នុងរឿងនេះ។ព្រមជាមួយគ្នានេះកម្ពុជារំពឹងថានឹងមានសេចក្តីថ្លែងការណ៍អង្គរ២.០ ដែលមានន័យថាជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។កាលពីលើកទី១ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីកាលពីឆ្នាំ២០១៩កន្លងទៅមានសេចក្តីថ្លែងការណ៍អង្គរ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ ហើយនៅក្នុងឆ្នាំ២០២៥យើងនឹងមានរៀបចំសេចក្ដីថ្លែងការណ៍អង្គរស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ដោយសារបច្ចុប្បន្នបញ្ញាសិប្បនិម្មិត (AI)ចូលជ្រែក ដោយក្នុងពេលខ្លះបានប្រើប្រាស់សំឡេងយកទៅបំភ្លៃ បំប៉ោង ដើម្បីធ្វើឱ្យប្រជាពលរដ្ឋភាន់ច្រឡំដែលបញ្ហានេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា”។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានថ្លែងឱ្យដឹងដែរថា “អ្វីដែលយើងរំពឹងទុកបណ្តាប្រទេសក្នុងតំបន់អាស៊ាន ពិសេសក្នុងតំបន់អាស៊ីតែម្តងកាន់តែរួបរួមគ្នាថែមទៀតក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។ត្រូវតែមានការចែករំលែករបស់ប្រទេសនីមួយៗក្នុងតំបន់ និងចែករំលែកដល់ប្រទេសផ្សេងៗទៀតបានយកទៅអនុវត្ត ឬទាញយកទៅជាបទពិសោធន៍សម្រាប់ការអនុវត្តក្នុងកិច្ចការងាររបស់ខ្លួន”៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner