ក្រុមវិទ្យាល័យព្រះយុគន្ធរក្លាយជាម្ចាស់ជើងឯកបាល់បោះអាយុក្រោម ១៦ឆ្នាំ ជើងឯករាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធរបានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាបាល់បោះយុវជនក្រោម ១៦ឆ្នាំ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងពិន្ទុ ៤២-៣៧ នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ ខណៈចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួនបានទៅលើក្រុមយុវជនវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងក្រុម AIS ម៉ៅសេទុង ។

ថ្លែងក្នុងឱកាសបិទព្រឹត្តិការណ៍នេះ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញតំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកីឡាបាល់បោះក្នុងព្រឹត្តិការណ៍នេះ គឺជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើអបាយមុខក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡាជាកត្តាចាំបាច់ដែលនាំមកនូវការស្គាល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើងចាប់ពីយុវជនទៅ។

លោក អ៊ុក ចន្ថា បន្ថែមថា ការរៀបចំកីឡាបាល់បោះយុវជននេះ ក៏ជាការរួមអភិវឌ្ឍវិស័យកីឡា ស្របតាមមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឱ្យស្រប និងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិផងដែរ។ លោកអនុប្រធានមន្ទីរអប់រំក៏បានលើកទឹកចិត្តដល់ក្រុមនានាត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាពហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្នុងកម្មវិធីផ្សេងៗរបស់សហព័ន្ធកីឡាជាតិ នាពេលខាងមុខ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់បោះឱ្យរីកចម្រើន ។

បើតាមរបាយការណ៍លោក សេង ស្រេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រកួតកីឡាបាល់បោះយុវជក្រោម ១៦ឆ្នាំ ជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥នេះមានក្រុមចូលរួមចំនួន ១០ក្រុម ដោយមានប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក កីឡាករសរុប ១៥០នាក់ ដោយប្រកួតមានរយៈពេល ១សប្តាហ៍។ តំណាងគណៈកម្មការរៀបចំរូបនេះអះអាងថា ឆ្លងកាត់ការប្រកួតនេះបង្ហាញថា ការចូលរួមរបស់ក្រុមយុវជនបាល់បោះទាំងអស់បានយកចិត្តទុកដាក់ អនុវត្តបានល្អ ស្របតាមបទបញ្ជាបច្ចេកទេសផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner