សម្តេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសពព្រះមេគណខេត្ត បាត់ដំបង

បាត់ដំបង៖បង្ហាញនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងបានដឹកនាំប្រតិភូ​តំណាងរាស្ត្រមណ្ឌល​បាត់ដំបង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង​នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណ​ខេត្តបាត់​ដំបងកាលពីថ្ងៃទី២១ ខែកក្កដា សម្តេចក្រឡាហោម ស ខេង បានប្រគេននូវបច្ច័យនិងទេយ្យវត្ថុមួយចំនួនចូលរួម​ក្នុងពិធីបុណ្យ​ទក្ខិណានុប្បទាន ប្រគេនដល់ព្រះសព ព្រះឥន្ទមុនី អ៊ុក មុត មានបច្ច័យចំនួន ១០លានរៀល, លៀង​ចំនួន១០០ឈុត ,ទឹកក្រូច ចំនួន​២០០​កេស និងទឹកបរិសុទ្ធ ចំនួន៣០០កេស។

នៅថ្ងៃដដែលក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រតិភូមួយចំនួនទៀតអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង ជាបន្តបន្ទាប់ផងដែរ ក្នុងនោះរួមមាន ប្រតិភូនៃក្រសួងយុត្តិធម៌ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ប្រតិភូ នៃសាលាដំបូងខេត្ត​និងអយ្យការ​អមសាលាដំបូងខេត្ត ដឹកនាំដោយឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង ប្រតិភូរបស់​សាខា​កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការកាកបាទក្រហម​កម្ពុជាខេត្តបាត់ដំបង ,ប្រតិភូនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដឹកនាំដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តជាដើម។

សូមជម្រាបថា ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ជាព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង បានទទួលអនិច្ចធម្ម នៅថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២៥ ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា ដោយជរាពាធ នៅក្នុងវត្តពោ
ធិ៍វាល សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង៕
អត្ថបទនិងរូបភាព៖អ៊ុក សំអាន

ads banner