ក្រសួងព័ត៌មានកម្ពុជា និងវិទ្យាស្ថានអាស៊ីប៉ាស៊ីភិកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សាយ បានរៀបចំពិធីលៀងសាយភោជន៍ និងពិធីប្រគល់ពានរង្វាន់ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

(ខេត្តសៀមរាប)៖ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានអាស៊ីប៉ាស៊ីភិកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សាយ បានរៀបចំពិធីលៀងសាយភោជន៍ និងពិធីប្រគល់ពានរង្វាន់ ដ៏គួរឲ្យរំភើប នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ នៅក្នុងរាត្រីនេះ មិនមែនគ្រាន់តែជាពិធីអបអរសាទរនៃការរីកចម្រើនរួមគ្នារយៈពេលពីរទសវត្សរ៍ កិច្ចពិភាក្សា និងភាពច្នៃប្រឌិតថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ វាក៏ជាការគោរពដ៏ស្មោះស្ម័គ្រចំពោះមិត្តភាព កិច្ចសហប្រតិបត្តិការ និងគុណតម្លៃដែលបានចងភ្ជាប់យើងទាំងអស់គ្នា។

ពិធីលៀងសាយភោជន៍និងប្រគល់ពានរង្វាន់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ។ កម្មវិធី AIBD Gala Dinner & Awards 2025 មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី Philomena នាយកប្រតិបត្តិ និងជាអគ្គលេខាធិការ វិទ្យាស្ថានអាសុីប៉ាសុីភិក សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD លោក Gaurav Dwivedi ប្រធាន AIBD និងវត្តមាន ប្រធានអ្នកនាំពាក្យការិយាល័យប្រធានាធិបតីប្រទេសម៉ាលឌីវ ព្រមទាំងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជិត ៣០ប្រទេស ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ចូលរួមអបអរសាទរ AIBD ក្នុងខួបលើកទី២០ នៃការរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ AMS បានបង្កើតខ្លួនជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការសន្ទនា កិច្ចសហការ និងការច្នៃប្រឌិតនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះបេក្ខជន និងអ្នកឈ្នះទាំងអស់នៃពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ AIBD។ សមិទ្ធផលរបស់អ្នកគឺជាសក្ខីភាពនៃស្មារតីច្នៃប្រឌិត ការប្តេជ្ញាចិត្ត និងការរួមចំណែករបស់អ្នកចំពោះសហគមន៍ដែលអ្នកបម្រើ និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ។

ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញទំនុកចិត្តថាការតភ្ជាប់ដែលបានធ្វើឡើង និងគំនិតដែលបានផ្លាស់ប្តូរនៅក្នុង AMS នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើអនាគតនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់នេះ។ ចំណេះដឹងដែលបានចែករំលែកនៅលើទឹកដីកម្ពុជា ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មីៗ យន្តការផ្ទៀងផ្ទាត់ និងយុទ្ធសាស្ត្រអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ឱ្យយល់ដឹងជាថ្មី និងវិធីសាស្រ្តជាក់ស្តែង ដើម្បីកសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។

ព្រឹត្តការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវដោយការវាយគងប្រពៃណី ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នាសណ្ឋាគារសុខា សៀមរាប ដែលបានបង្ហាញពីស្មារតីនៃការរួបរួមសាមគ្គីគ្នា និងបន្តគោលបំណងរួមដែលកំណត់ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS លើកទី២០ សម្រេចបានលទ្ធផលល្អ និងជោគជ័យ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner