រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ

(កណ្ដាល)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, (៤). ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស ស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត និងសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា ។

សម្ដេចបវរធិបតី បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់សម្រាប់អង្គការក្រៅរដ្ឋាភិបាល និងដៃគូ ដែលធ្វើការពិតប្រាកដ នៅកម្ពុជា។ ជាក់ស្ដែង, អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គការមូលនិធិកុមារកម្ពុជា ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា នៅតែចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេស និងបន្តសហការគាំទ្រ ។ សម្តេចធិបតី ថ្លែងដូចនេះ ក្រោយពីមានមតិអ្នកខ្លះលើកឡើងថា រាជរដ្ឋាភិបាល មានបញ្ហាជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលការលើកឡើងនោះ មិនមែនជាការពិតទេ ។

សម្តេច ថា កម្ពុជា ស្វាគមន៍អង្គការសង្គមស៊ីវិលតាំងពីដើមមក តាំងពីថ្ងៃរំដោះ៧មករា មានអង្គការសង្គមស៊ីវិលច្រើនណាស់ដែលចូលមកជួយប្រទេសកម្ពុជា រួមទាំងអង្គការ World Vision ដែលយើងនៅតែបន្តធ្វើដដែល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner