រដ្ឋមន្រ្តីព័ត៌មានកម្ពុជា ប្រាប់អនុរដ្ឋមន្រ្តីព័ត៌មានមីយ៉ាន់ម៉ាថា ជំហរកម្ពុជាខិតខំប្រឹងប្រែងតាមរយ:ផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ

(សៀមរាប)៖ ជំហររបស់កម្ពុជា គឺ ខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ តែថៃតែងតែគេចវេសពីផ្លូវច្បាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិត (dirty strategy) ចោទប្រកាន់កម្ពុជា ។

ការបង្ហាញជំហរបែបនេះ ធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប នាព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍សន្និសទីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ ក្នុងជំនួបទ្វេភាគី កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ ទៅលើវិស័យព័ត៌មានផ្សព្វផ្សាយ ។

ឯកឧត្តម នេត្រ ភក្រ្តា បានជម្រាបជូន អនុរដ្ឋមន្ត្រីព័ត៌មាន មីយ៉ាន់ម៉ា អំពីវិបត្តិរវាងកម្ពុជា-ថៃ នឹងបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលកម្ពុជាខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិនេះ ហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ។

ក្នុងវិបត្តិនេះវាពាក់ព័ន្ធជាមួយនឹងព័ត៌មានក្លែងក្លាយ ដែលកាសែតធំៗរបស់ថៃភាគច្រើនផ្សព្វផ្សាយព័ត៌មានមិនពិត ប្រើប្រាស់ (dirty strategy) ហេតុនេះហើយដើម្បីកែប្រែនូវស្ថានភាពដែលកម្ពុជាទទួលរងការចោទប្រកាន់ពីភាគីថៃ កម្ពុជាតែងតែបញ្ចេញនូវព័ត៌មានពិតត្រលប់ទៅវិញ ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ព័ត៌មានក្លែងក្លាយ ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 ព្រមទាំងលើកឡើងអំពីការណែនាំមួយចំនួនចំពោះប្រទេសណាដែលចូលចិត្តបង្កើតនូវព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់មុខប្រទេសដទៃ និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសដទៃ ហើយបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំ ក៏មានការថ្កោលទោសចំពោះ ប្រទេសណាដែលបង្កើត និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ។

ជាការឆ្លើយតប ឯកឧត្តម អនុរដ្ឋមន្ត្រីព័ត៌មាន មីយ៉ាន់ម៉ា បានអរគុណចំពោះ ឯកឧត្តម នេត្រ ភក្រ្តា ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ល្អៗនៅក្នុងកិច្ចប្រជុំ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏បានធ្វើរួចជាស្រេចនូវវិធានការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ ។

ឯកឧត្តមអនុរដ្ឋមន្ត្រីព័ត៌មានមីយ៉ាន់ម៉ា ក៏បានថ្លែងការកោតសរសើរចំពោះការរៀបចំនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ២០នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម អនុរដ្ឋមន្ត្រីព័ត៌មាន មីយ៉ាន់ម៉ា ក៏គ្រោងនឹងអញ្ជើញ ឯកឧត្តម នេត្រ ភក្រ្តាទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។

ក្នុងជំនួបទ្វេភាគីនេះ ប្រទេសទាំងពីរកម្ពុជា និង មីយ៉ាន់ម៉ា បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មាននិងសោទស្សន៍ ព្រមជាមួយនឹងយុទ្ធនាការនៃការទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយដែលជាក្តីព្រួយបារម្ភ ដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner