កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(សៀមរាប)៖ កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) បានព្រមព្រៀងគ្នាថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគួរតែ នៅតែជាអាទិភាពកំពូលក្នុងតំបន់ ខណៈដែលភាគីទាំងពីរបានស្វែងយល់ពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌ ឬគោលការណ៍ណែនាំរួមអាស៊ាន-ចិន ដើម្បីដោះស្រាយបញ្ហារួម។

កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Wang Yan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ (IPR) នៃ ACC នៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

កិច្ចពិភាក្សា ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ រវាងរដ្ឋសមាជិកអាស៊ាន និងប្រទេសចិន ដោយយកចិត្តទុកដាក់ជាពិសេសចំពោះគំនិតផ្តួចផ្តើម ការកសាងសមត្ថភាព ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើសកម្មភាពរួមគ្នានាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាព័ត៌មានក្លែងក្លាយ ការផ្សាយព័ត៌មានមិនពិត និងការគំរាមកំហែងតាមអ៊ីនធឺណិត ហើយបានទទួលស្គាល់តម្រូវការបន្ទាន់ សម្រាប់ផែនការសកម្មភាពជាក់ស្តែង និងកម្មវិធីបណ្តុះបណ្តាលក្នុងតំបន់ ដើម្បីបង្កើនភាពធន់នៃប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ។

ជាផ្នែកនៃកិច្ចសហការដែលបានស្នើឡើង ACC បានគូសបញ្ជាក់អំពីផែនការចាប់ផ្តើមសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ជាបន្តបន្ទាប់ និងដំណើរទស្សនកិច្ចផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ ដោយចាប់ផ្តើមពីប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងនាំអ្នកជំនាញសារព័ត៌មានចិនមកកម្ពុជា សម្រាប់វគ្គចែករំលែកចំណេះដឹង ទន្ទឹមនឹងនោះក៏បង្កើតឱកាសសម្រាប់អ្នកសារព័ត៌មានកម្ពុជា ទៅទស្សនាប្រទេសចិនជាផ្នែកនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងវិជ្ជាជីវៈផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ភក្ត្រា ក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសិក្ខាសាលាថ្នាក់តំបន់ ក្នុងការកសាងជំនាញរបស់អ្នកជំនាញសារព័ត៌មាននៅទូទាំងអាស៊ាន និងប្រទេសចិន។ បន្ថែមពីលើការផ្តោតសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំបានលើកឡើងពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍។
ភាគីទាំងពីរបានពិភាក្សាអំពីសក្ដានុពល នៃការរៀបចំដំណើរផ្សព្វផ្សាយព័ត៌មាន ក្នុងអំឡុងព្រឹត្តិការណ៍ជាតិ ដូចជាពិធីបុណ្យអុំទូក របស់ប្រទេសកម្ពុជា នាពេលខាងមុខនៅក្នុងខែវិច្ឆិកា។ ACC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការភ្ជាប់សកម្មភាពទាំងនេះ ជាមួយនឹងឆ្នាំទេសចរណ៍អាស៊ាន-ចិន ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០១៧ ដើម្បីជំរុញទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងតំបន់ទាំងពីរ។
ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពក្នុងតំបន់ ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យឌីជីថល ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការជំរុញសហគមន៍អាស៊ាន-ចិន ដែលមានការបរិយាបន្ន ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានភាពធន់៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាពវីដេអូ ៖ រិន រចនា
