ក្រុមហ៊ុនឈានមុនគេក្នុងការផ្គត់ផ្គង់ថាមពលនៅប្រទេសចិនមានបំណងវិនិយោគវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា
ភ្នំពេញ៖ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល)នៅប្រទេសចិន បានបង្ហាញពីបំណងវិនិយោគក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា។

បំណងនេះបានបង្ហើបឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ខណៈលោកស្រីដឹកនាំគណៈប្រតិភូក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. មកពីខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះថា ក្នុងជំនួបលោកស្រី លី ជៀ បានជម្រាបឯកឧត្តមអគ្គលេខាធិការ អំពីក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ។លោកស្រីបានបង្ហាញថា ជាក្រុមហ៊ុនមួយឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២ ផងដែរនៅប្រទេសចិន។

លោកស្រីគូសបញ្ជាក់ថា ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ លោកស្រីប្រធានបានបន្ថែមទៀតថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។

ប្រភពដដែលបានបញ្ជាក់ថា តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍវិស័យថាមពលនាពេលខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងដែលលោកស្រី លី ជៀបានលើកទ្បើង។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនក្នុងនោះមានដូចជា ដំឡូងមី អំពៅ និង ពោត ។
ជាមួយគ្នានេះឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនភ្ញៀវផងដែរអំពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តមបានបន្ថែមថា ដោយសារទំហំវិនិយោគរបស់ចិនមកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំផងដែរនោះ រាល់ជំនួបជាមួយគណៈប្រតិភូចិន ឯកឧត្តមតែងតែស្នើដោយទទូចឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្មឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់៕
ដោយ៖មុនី
