ប៉ាឡេស្ទីនថា កុមារស្លាប់ព្រោះអត់អាហារនៅហ្គាហ្សា កាន់តែច្រើន

បរទេស ៖ ប្រជាជនប៉ាឡេស្ទីន បាននិយាយថា កុមារស្លាប់ កាន់តែច្រើន ខណៈដែលកង្វះអាហារូបត្ថម្ភកើនឡើង នៅតំបន់ហ្គាហ្សា ដែលជាទីតាំងប្រយុទ្ធគ្នា រវាងទាហានអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ប្រជាជនប៉ាឡេស្ទីន បានលើកឡើងបែបនេះ ក្នុងពេលបានលាគ្នា ទៅកាន់ទារក ដែលបានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis ថ្មីៗនេះ។

សមាជិកគ្រួសារម្នាក់ និយាយថា «គាត់ស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ដោយសារគ្រួសារគាត់មិនអាចចិញ្ចឹមគាត់បាន» ។

ប្រជាជននៅតំបន់ហ្គាហ្សា ជាងពីរលាននាក់ កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងសម្ភារៈសំខាន់ៗផ្សេងទៀត យ៉ាងធ្ងន់ធ្ងរ ដោយវេជ្ជបណ្ឌិត ទីភ្នាក់ងារការពារជនស៊ីវិល និង អង្គការសប្បុរសធម៌វេជ្ជសាស្ត្រ ឬ Doctors Without Borders ហៅកាត់ MSF បានរាយការណ៍ពីការកើនឡើងនៃករណីកង្វះអាហារូបត្ថម្ភក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ការវាយប្រហារឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស បាននាំឱ្យមានមនុស្សស្លាប់ចំនួន ១២១៩នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមការបូកសរុប របស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។

ការវាយលុកសងសឹក របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ចំនួន៥៨,៨៩៥នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហាម៉ាស គ្រប់គ្រងតំបន់ហ្គាហ្សា។ អង្គការសហប្រជាជាតិចាត់ទុកតួលេខទាំងនេះថា អាចទុកចិត្តបាន៕

ប្រភព AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner