ឯកឧត្តម ហេង រតនា៖​ ប្រសិនបើទាហានសៀមជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2​ និងស្របតាមការចោទប្រកាន់ថា​ជាគ្រាប់មីនPMN-2ថ្មីផងនោះ​ ទាហានរូបនេះអាចដាច់ជើងទាំង២​ ឬក៏រងរបួសធ្ងន់ធ្ងរ​ ឬក៏ស្លាប់តែម្តង​

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ​នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៥ ស្តីពី”ការបដិសេដការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស”និងបានបញ្ជាក់ច្បាស់ថា​ ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដី គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា​ កាលពីថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥។ នេះបេីយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា​ ៖​ បើផ្អែកលើស្ថានភាពជាក់ស្តែងឃើញថា៖
-​ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ​ BS/CMAA/16808 ស្ថិតក្នុងភូមិ​តេជោមរកត ឃុំ​មរកត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡើយទេ។
-​បើពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់”កជើង​”ម្ខាង នោះ​ អាចបញ្ជាក់ថា​ ការផ្ទុះអាចបង្កឡើង​ដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប​ ដូចជាប្រភេទមីន72A ឬ​ 72B ឬ​ M14 ឬ​ MN79 ឬក៏MD82B ជាដើម​ ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាមនិងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។
-ប្រសិនបើទាហានសៀមនោះ​ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2​ និងស្របតាមការចោទប្រកាន់ថា​ជាគ្រាប់មីនPMN-2ថ្មីផងនោះ​ ទាហានរូបនេះអាចដាច់ជើងទាំង២​ ឬក៏រងរបួសធ្ងន់ធ្ងរ​ ឬក៏ស្លាប់តែម្តង​ ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។

ការសន្និដ្ឋាននេះដោយផ្អែកលើភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន​ PMN-2 ជាច្រើនករណីកន្លងមកនៅកម្ពុជា។ សូមបញ្ជាក់ថា​ ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វើការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡើយទេ​ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕
ដោយ៖ពលជ័យ

ads banner