គម្រោង Golden Dome របស់លោក Trump រកជម្រើសថ្មីជំនួស SpaceX

វ៉ាស៊ីនតោន រដ្ឋបាលលោក Donald Trump កំពុងពន្លឿនការស្វែងរកដៃគូថ្មី ដើម្បីសាងសង់ប្រព័ន្ធការពារមីស៊ីល Golden Dome ចំពេលមានភាពតានតឹងជាមួយលោកមហាសេដ្ឋី Elon Musk ដែលគំរាមកំហែងប៉ះពាល់ដល់ឥទ្ធិពលរបស់ក្រុមហ៊ុន SpaceX នៅក្នុងកម្មវិធីនេះ ដោយផ្តល់ក្តីសង្ឃឹមដល់គម្រោង Project Kuiper របស់ក្រុមហ៊ុន Amazon និងអ្នកម៉ៅការផ្នែកការពារធំៗ។

ប្រភពចំនួន ៣ ដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជាចំណុចសំខាន់ជាយុទ្ធសាស្ត្រ ដែលកាត់ផ្ដាច់ការពឹងផ្អែកលើក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី Musk ដែលបណ្តាញផ្កាយរណប Starlink និង Starshield បានក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិក។

យ៉ាងណា ទាំងលោកមហាសេដ្ឋី Musk និង SpaceX មិនបានឆ្លើយតបភ្លាមៗឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ។ គម្រោងនេះកើតឡើងចំពេលដែលទំនាក់ទំនងមានសភាពកាន់តែអាក្រក់ឡើងៗរវាងលោកប្រធានាធិបតី Trump និងលោកមហាសេដ្ឋី Musk ដែលបានរាលដាលទៅជាជម្លោះសាធារណៈកាលពីថ្ងៃទី៥ ខែមិថុនា។

ប្រភពចំនួនពីរបានបង្ហើបឱ្យដឹងថា សូម្បីតែមុនពេលមានជម្លោះនេះ មន្ត្រីនៅមន្ទីរបញ្ចកោណ និងសេតវិមានបានចាប់ផ្តើមស្វែងរកជម្រើសជំនួស SpaceX បណ្ដើរៗហើយ ដោយសារព្រួយបារម្ភពីការពឹងផ្អែកខ្លាំងពេកលើដៃគូតែមួយ សម្រាប់ផ្នែកដ៏ធំមហិមានៃប្រព័ន្ធខែលការពារនៅទីអវកាសតម្លៃ ១៧៥ពាន់លានដុល្លារ។

គួរកត់សម្គាល់ គម្រោង Golden Dome នឹងត្រូវបានបង្កើតឡើងដើម្បីបាញ់កម្ទេចមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូសទំនើបៗ ហើយនៅក្រោមគម្រោង ផលិតខែលប្រឆាំងមីស៊ីលនេះ សហរដ្ឋអាមេរិកក៏នឹងដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅលើទីអវកាស រួមទាំងប្រព័ន្ធ sensors។

ឈ្មោះ Golden Dome នេះ គឺផ្តើមចេញមកពីប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ដែលបានទប់ស្កាត់រ៉ុក្កែតរយៈចម្ងាយខ្លី និងអាវុធផ្សេងៗទៀតរាប់ពាន់គ្រាប់ ចាប់តាំងពីត្រូវបានដាក់ឱ្យចាប់ផ្តើមធ្វើប្រតិបត្តិការ កាលពីឆ្នាំ២០១១៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner