ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ មូលនិធិលំនៅឋានជាឧបករណ៍យុទ្ធសាស្ត្រ ក្នុងការកែប្រែសង្គមកម្ពុជា
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតគូរបង្កើតមូលនិធិលំនៅឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានមុខរបរ មានប្រាក់ចំណូល កាត់បន្ថយបំណុលឯកជន មានជីវភាពកាន់តែប្រសើរឡើង និងមានលទ្ធភាពអាចទិញលំនៅឋានសម្រាប់រស់នៅបាន ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតមូលនិធិលំដៅឋាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារច្បាប់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងបានធ្វើការសិក្សាអំពីលទ្ធភាព និងនីតិវិធី នៃការរៀបចំរចនាសម្ព័ន្ធរបស់ “មូលនិធិលំនៅឋាន” តាមការចង្អុលបង្ហាញរបស់គោលនយោបាយជាតិស្តីពីលំនៅឋានឆ្នាំ២០១៤ និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល, អនុក្រឹត្យលេខ ១៨០ អនក្រ.បក ឆ្នាំ២០១៤ ស្តីពីការបង្កើតអគ្គនាយកដ្ឋានលំនៅឋាន និងអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានលំនៅឋានផងដែរ ។

មូលនិធិលំនៅឋាន នឹងគាំទ្រដល់ការអភិវឌ្ឍលំនៅឋានសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានលំនៅឋានរស់នៅសមរម្យប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។ មូលនិធិលំនៅឋានមិនត្រឹមតែសម្រាប់ដោះស្រាយបញ្ហាទីជម្រកឱ្យសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីធ្វើឱ្យទីក្រុងមានសោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អទៀតផង ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកមូលនិធិលំនៅឋាននេះ ថាជាឧបករណ៍យុទ្ធសាស្ត្រក្នុងការកែប្រែសង្គមកម្ពុជាថ្មី ស្របតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានបញ្ជាក់ថា ពេលវេលានេះគឺជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ដើម្បីរក្សាលំនឹងរបស់កម្ពុជា គឺមនុស្សត្រូវមានកម្រិតចំណេះដឹង, ទំហំទឹកប្រាក់, ស្ថានភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុ, ទំនាក់ទំនងអន្តរជាតិ និង ទំនាក់ទំនងពាណិជ្ជកម្ម ជាដើម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ និងមានជីវិតរស់នៅប្រកបដោយសុភមង្គល ដូច្នេះការបង្កើតមូលនិធិលំនៅឋានគឺជាកត្តាចាំបាច់ដើម្បីឆ្លើយតបនឹងគោលនយោបាយនេះ ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការចូលរួមមតិយោបល់ពីសិក្ខាកាមទាំងអស់ គិតគូរពិចារណាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតមូលនិធិលំនៅឋាននេះ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយត្រូវពិភាក្សាសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ ជាប្រយោជន៍សម្រាប់ជួយបង្កើតការងារ និងមុខរបរដល់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល ហើយមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបាន ។ ក្រៅពីនេះ មូលនិធិលំនៅឋានក៏នឹងជួយដល់សហគមន៍ជាច្រើននៅទូទាំងប្រទេស ឱ្យមានភាពរីកចម្រើនជាងមុន ដោយក្នុងនោះតាមរយៈមូលនិធិនេះ បានកសាងផ្លូវ ចំណតរថយន្ត និង បង្គន់អនាម័យសម្រាប់សហគមន៍ ដែលទាំងនេះ ក៏បានជួយកែប្រែជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឱ្យប្រសើរឡើងផងដែរ ។
តបតាមគោលនយោបាយជាតិស្តីពីលំនៅឋានរបស់កម្ពុជា និងទស្សនាទាន “ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានសមរម្យសម្រាប់រស់នៅ ជាទ្រនំសុភមង្គល” នៅថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សេចក្តីព្រាង “អនុក្រឹត្យស្តីពីការបង្កើតមូលនិធិលំនៅឋាន” ជូនស្ថាប័នរដ្ឋពាក់ព័ន្ធ និង ដៃគូឯកជន ដើម្បីទទួលយកធាតុចូលបន្ថែម ៕




ដោយ / គ្រី សម្បត្តិ