ឯកឧត្តម ឃួង ស្រេង ៖ ក្នុងនាមជាមន្ត្រី កងកម្លាំងនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ
(ភ្នំពេញ)៖ ទាំងអ្នកក្រ អ្នកសុំទាន និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ពួកគាត់គឺសុទ្ធតែ ត្រូវការសន្តិសុខ ។ ដូច្នេះក្នុងនាមជាមន្ត្រី កងកម្លាំងនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿទុកចិត្តមកលើយើង។ ហើយត្រូវលុបបំបាត់ឱ្យបានការបើកកន្លែងម៉ាស្យា កោសជប់ ដែលភ្ញៀវចូលទៅបាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងបែបនេះ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យចៅសង្កាត់ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀតដែលមានមេប៉ុស្តិជាសេនាធិការឱ្យចៅសង្កាត់ហើយធ្វើការឱ្យដឹងតួនាទីរបស់ខ្លួនចេះស្ដាប់ចៅសង្កាត់ធ្វើការងារសេវាសាធារណៈបម្រើប្រជាពលរដ្ឋឱ្យបានល្អដូជាអត្តសញ្ញាណប័ណ្ណ ការងារថែរក្សាការពារសន្តិសុខឱ្យបានល្អ ជាដើម ។
ចំណែកស្មៀនត្រូវស្ដាប់ចៅសង្កាត់ហើយសហការគ្នាបើចៅសង្កាត់ធ្វើអ្វីខុសប្រាប់គាត់រឿងនេះឬរឿងនោះមិនត្រូវធ្វើទេវាអាចមានទោស ឬជាប់គុកកុំឱ្យគាត់ធ្វើមិនមែនឃើញខុសហើយមិនប្រាប់ហើយមិនបោះត្រាឬទុកឱ្យគាត់ខុសនោះទេ។ ស្មៀនខុសយើងអាចដកចេញបានហើយស្នើសុំទៅក្រសួងមហាផ្ទៃដូរចេញ ។
ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្ស ខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់ ការបោះឆ្នោត ទទួលជ័យជំនៈ ។ ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈរហូត
ផ្លូកទឹកផ្លូកដី ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ