ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ស្នើប្រជាពលរដ្ឋខេត្តព្រះសីហនុ រួមសហការលើកកម្ពស់ជីវភាពសហគមន៍តំបន់ឆ្នេរ និងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យម្ចាស់ក្បាលដីតាមបណ្ដោយឆ្នេរកែវផុស១ ( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួមសហការកែច្នៃបណ្ដាឆ្នេរទាំងនេះឱ្យកាន់តែមានសោភណភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ។

ថ្លែងក្នុងជំនួបជាមួយម្ចាស់ក្បាលដីតាមបណ្តោយឆ្នេរកែវផុស១ ( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីតាមបណ្ដោយឆ្នេរកែវផុស១( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ អាចចូលរួមជាមួយក្រុមការងារបានក្នុងកម្រិតណា ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយឆ្នេរទាំងនោះ ដូចជាការកសាងផ្លូវបេតុង ចំណតរថយន្តនិងបន្ទប់ទឹក រួមនឹងការដាំដើមឈើនិងបំពាក់អំពូលភ្លើងផ្សេងៗជាដើម ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា បណ្ដាឆ្នេរទាំងអស់ខាងលើនេះ គឺជាឆ្នេរដ៏ស្រស់ស្អាតពីធម្មជាតិស្រាប់ ដែលអាចបង្កើតមុខរបរបានយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍ ដោយគ្រាន់តែយើងត្រូវកែច្នៃហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីឱ្យឆ្នេរទាំងនេះកាន់តែមានសោភណភាព និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យចូលមកទស្សនាខេត្តព្រះសីហនុបានកាន់តែច្រើន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារនៅខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែងក្បាលដីចប់សព្វគ្រប់ហើយនោះ ដូច្នេះយើងអាចរៀបចំប្លង់គោលប្រើប្រាស់ដីបានដោយងាយស្រួល ដើម្បីរៀបចំខេត្តព្រះសីហនុឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ មានសោភណភាព អាចបង្កើតមុខរបរសម្រាប់ប្រជាពលរដ្ឋ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃកាន់តែច្រើនបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏គ្រោងនឹងរៀបចំឱ្យមានផ្លូវជិះកង់ពីខេត្តព្រះសីហនុ កំពត កែប រហូតដល់ខេត្តកោះកុង ដើម្បីបង្កើនសក្តានុពល និងភាពទាក់ទាញបន្ថែមទៀត លើវិស័យទេសចរណ៍សម្រាប់បណ្ដាខេត្តទាំងនេះផងដែរ ។ ខេត្តព្រះសីហនុ ចាំបាច់ត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបែបនេះដើម្បីជាភាពទាក់ទាញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីនិងភ្ញៀវទេសចរបរទេសបានទៅលំហែកម្សាន្តនៅទីនោះម្តងហើយចង់ទៅកម្សាន្តម្ដងទៀត ហើយអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើទាំងអស់នេះគឺជាការវិនិយោគទៅលើជីវិតនិងសុភមង្គលរបស់អ្នកនៅតំបន់ឆ្នេរ ។

ជាការឆ្លើយតប អាជ្ញាធរមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធ និងម្ចាស់ក្បាលដី បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តួចផ្តើម គំនិតរៀបចំគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ទាំងនេះ និងបានប្តេជ្ញាចូលរួមសហការអនុវត្តគម្រោងឲ្យបានជោគជ័យ សម្រាប់ផលប្រយោជន៍សាធារណៈ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាលើកកម្ពស់សោភណភាពឆ្នេរជារួម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner