សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពាន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពាន ។

តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី បានសរសេរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រ នៃការវាយប្រហារទៅដល់តំបន់មុំបី។

កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។

សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner