ស្ងាត់ៗ អាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅអង់គ្លេស

មូស្គូ ៖ យោងតាមរបាយការណ៍ថ្មីៗនេះបានបង្ហើបឱ្យដឹងថា អាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់តិច ឬអាវុធនុយក្លេយុទ្ធសាស្ត្រទៅកាន់ទឹកដីរបស់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២២ ខែកក្កដា។

ភ្លាមៗ ប្រទេសរុស្ស៊ីបានចេញមុខប្រកាសថ្កោលទោសយ៉ាងខ្លាំង នូវអ្វីដែលខ្លួនមើលឃើញថា ជាការធ្វើយោធូបនីយកម្មរបស់ប្រទេសលោកខាងលិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ទីក្រុងមូស្គូកំពុងកត់សម្គាល់ឃើញគោលនយោបាយនៅលោកខាងលិច ឆ្ពោះទៅរកការធ្វើយោធូបនីយកម្ម ក្នុងនោះរួមទាំងផ្នែកនុយក្លេអ៊ែរផងដែរ។

លោក Peskov មានវ័យ៥៨ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីមើលឃើញនិន្នាការឆ្ពោះទៅរកការធ្វើឲ្យភាពតានតឹងកើនឡើង តាមរយៈការឆ្ពោះទៅរកការធ្វើយោធូបនីយកម្ម ក្នុងនោះរួមទាំងផ្នែកនុយក្លេអ៊ែរផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបន្ថែមថា ទីភ្នាក់ងារពាក់ព័ន្ធរបស់យើង កំពុងតាមដានការវិវត្តនៅក្នុងតំបន់នេះ និងបង្កើតភារកិច្ច ដើម្បីធានាដល់សន្តិសុខរបស់យើង ចំពោះអ្វីដែលកំពុងកើតឡើង។ លោកថា បច្ចុប្បន្ននេះ គ្មានមូលហេតុអ្វី ដើម្បីរៀបចំកិច្ចប្រជុំកំពូលប្រទេសនុយក្លេអ៊ែរទាំង៥ ឬ «Nuclear Five» ដែលមានប្រទេសរុស្ស៊ី ចិន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនោះទេ។

ការអត្ថាធិប្បាយរបស់លោក Peskov កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំងកាសែត The Times និង The War Zone កាលពីដើមសប្តាហ៍នេះ បានរាយការណ៍ថា គ្រាប់បែកនុយក្លេអ៊ែរ B61-12 ជាច្រើនគ្រាប់ ត្រូវបានផ្ទេរទៅកាន់ស្ថានីយទ័ពអាកាសចក្រភពអង់គ្លេស នៅជិតភូមិ Lakenheath ក្នុងទីក្រុង Suffolk៕

កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំងកាសែត The Times និង The War Zone បានរាយការណ៍ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយគ្រាប់បែកទំនាញផែនដី B61-12 ទៅកាន់មូលដ្ឋានទ័ពអាកាស Royal Air Force Lakenheath នៅ Suffolk ។

នេះគឺជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០០៨ ដែលអាវុធនុយក្លេអ៊ែររបស់អាមេរិកត្រូវបានដាក់ពង្រាយនៅលើទឹកដីចក្រភពអង់គ្លេស។ កន្លងមក កងទ័ពអាកាសអង់គ្លេស RAF Lakenheath ក៏ធ្លាប់ធ្វើជាម្ចាស់ស្តុកទុកអាវុធបែបនេះ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ផងដែរ។ យ៉ាងណា ទាំងកងទ័ពអាកាសអាមេរិក និងមន្ត្រីអង់គ្លេស មិនទាន់ធ្វើការអត្ថាធិប្បាយជាសាធារណៈចំពោះរបាយការណ៍នេះនៅឡើយទេ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner