ភាគីថៃ បង្កហេតុបាញ់ប្រហារលើកម្ពុជាមុន ធ្វើឲ្យស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋ រស់នៅតំបន់ជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បង្ខំចិត្តរត់ចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព (វីដេអូ)
(ឧត្តរមានជ័យ)៖ ការឈ្លានពាន និងបង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវរត់គេចចេញពីផ្ទះកក់ក្តៅរបស់ខ្លួន ទៅរកទីសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ ។
សូមជម្រាបថា ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលាទៅតាមដំណាក់កាលនីមួយៗ ដែលភាគីថៃបានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។
កំណត់ហេតុដែលបានចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា មានដូចខាងក្រោមនេះ៖
-ម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ
-ម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី
-ម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ
-ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
-ម៉ោង ០៨:៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ដែរថា ការប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហាន ដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
កម្ពុជា អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជា អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ៕
ដោយ ៖ វណ្ណលុក