កម្ពុជា ប្តេជ្ញាចិត្តពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ដើម្បី​លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តពន្លឿនការធ្វើបរិវត្តកម្មឌីជីថល​សម្រាប់​រដ្ឋា​ភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្ត​ប្រជាពល​រដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ។

នេះជាប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនា​គមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងឱកាសអញ្ជើញ​ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីរដ្ឋា​ភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើ​សេចក្តី​ព្រាងច្បាប់នេះ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ​សុខា​ភ្នំពេញ។ សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលានោះ គឺជាថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុប​១៧០នាក់ ។

ឯកឧត្តមប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានមានប្រសាសន៍ថា ការរៀ​ប​ចំ​សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា គឺជាការ​បង្ហា​ញ​ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការធ្វើបរិវត្តកម្មឌីជីថល​សម្រាប់​រដ្ឋាភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្ត​ប្រជាពល​រដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ចំពោះកិច្ចការនេះ ក្រសួង​បានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះតាំងពីចុងឆ្នាំ២០២៣ ដោយបាន​សិក្សាលម្អិតទៅលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ និងអន្តរជាតិពាក់ព័ន្ធ​នឹងរដ្ឋាភិបាលឌីជីថលក្នុងបណ្តាប្រទេសមួយចំនួន ព្រមទាំងឯកសារអន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ (UN) និងអង្គការសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច​និ​ង​អភិវឌ្ឍន៍ (OECD) ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ និងសិក្ខាកាមទាំង​អស់ចូល​រួមពិភាក្សាផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលឱ្យបានផុសផុលដើម្បីធ្វើ​ឱ្យប្រសើរ​ឡើងនូវគុណភាពសេចក្ដីព្រាងច្បាប់នេះ សំដៅឆ្លើយតបនឹងសកម្មភាព​អាទិភាព​របស់ជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ។

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​និងកំពុងផ្ដោតទៅលើការគ្រប់គ្រងអភិវឌ្ឍន៍វិស័យឌីជីថល និងបានដាក់ចេញនូវ​ផែ​នការសកម្មភាពដែលជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និង​ពង្រឹងសន្តិសុខឌីជីថល ដែលជាការចង្អុលបង្ហាញដោយគោលនយោបាយ​រដ្ឋា​ភិបាល​ឌីជីថលកម្ពុជា ២០២២-២០៣៥។ លើសពីនេះ ក្រសួង និងគណៈកម្មា​ធិការ​រដ្ឋាភិបាលឌីជីថល ក៏បានអភិវឌ្ឍថ្នាលរួមរបស់រាជរដ្ឋាភិបាល (Digital Government Products/DGPs) ជាច្រើន ជាពិសេសថ្នាលសេវាសាធារណៈ​ឌីជីថលរួម ហៅថា “ថ្នាល DG SuperApp” ដែលមាន​សមត្ថភាពខ្ពស់​អាចប្រមូល​ផ្តុំថ្នាល និងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner