សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួង​ឱ្យបារមី លោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សា​ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារ​បូរណភាពទឹហកដីពីសត្រូវឈ្លានពាន

(ពោធិ៍សាត់)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយ​បាន​ការ​ចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចូលមកគោរពបូជា និង​សូម​បួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់​ថែ​រក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម​ការ​ពារ​បូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹក​សង្គ្រាម ជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និង​លោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាព​ស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំង​ប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត​ពោធិ៍សាត់ បានបួងសួងសុំឱ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយទឹកជំនន់។ 

ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ និងបារមីរក្សាការពារ ក្នុងទឹកដី​នៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ​ផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍ ជាពិសេស​សូមឱ្យ​ខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង​មន្រ្តី​ក្រោមឱវាទ សូមផ្ដល់កម្លាំងចិត្ត ដល់វីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងបេសកកម្មការពារ​ជាតិ និងសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាប្រោសព្រំពរ​ជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដី​ពីខ្មាំង​សត្រូវ​។

យើងខ្ញុំពីសមរភូមិក្រោយ សូមផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់ និងការគាំទ្រ​យ៉ាងពេញទំហឹងដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើង​ការពារទឹកដី។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបាន​រាល​ដាល​ទៅ​កាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុច​ប្រាសាទតាមាន់ធំ៕

ដោយ ៖ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner