UN តាមដានដោយក្តីបារម្ភ ចំពោះជម្លោះកម្ពុជា-ថៃ

បរទេស ៖ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN បាននិងកំពុងតាមដាន ដោយក្តីបារម្ភ ចំពោះជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ នេះបើតាមគេហទំព័រ របស់ UN ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកក្កដា។

បើតាមប្រភព បានដកស្រង់សម្តី អ្នកនាំពាក្យរង របស់លោក Antonio Guterres
គឺ លោក Farhan Haq បានប្រាប់អ្នកកាសែត នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថា «លោក អគ្គលេខាធិការ Antonio Guterres កំពុងតាមដាន ដោយក្តីបារម្ភ ជុំវិញ របាយការណ៍ នៃ ការប៉ះទង្គិចគ្នានេះ»។

លោកបានបន្តថា «លោក អគ្គលេខាធិការ ជំរុញឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់ ជាអតិបរមា និង ដោះស្រាយរាល់បញ្ហា តាមរយៈការសន្ទនា និង ក្នុងស្មារតី នៃភាពជាអ្នកជិតខាងល្អ ក្នុងគោលបំណង ស្វែងរកដំណោះស្រាយ យូរអង្វែង ចំពោះជម្លោះ»។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា។

ប៉ុន្មានម៉ោងក្រោយពីថៃ ផ្តើមវាយឈ្លានពានកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ, តាមរយៈលិខិត, ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner