ក្រសួងវប្បធម៌ ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការ​យូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាង​អង្គការ​​យូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូប្រើប្រាស់​យន្តការ​ដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានារបស់អង្គការនេះ សិក្សា​វាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្រាបជូន​សាធារណជនទូទៅនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នាព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក​ជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធា​រណ​រដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យ​អង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទ​ព្រះ​វិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាម​រយៈ ការប្រើប្រាស់កាំភ្លើងខ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការព្រួយបារម្ភអំពី​ផលវិ​បាក ចេញពីការប៉ះទង្គិច ដោយប្រដាប់អាវុធ ដែលកំពុងបង្កការខូចខាតជាក់ស្តែង​ដែលមាននៅតាមគោបុរៈទី១ ទី២ ទី៣ និងទី៥ តំបន់ រចនាសម្ព័ន្ធផ្ទាល់របស់​ប្រា​សាទ ខណៈដែលប្រាសាទព្រះវិហារស្ថិតក្រោមការការពារ​របស់អនុសញ្ញាអន្តរ​ជាតិ​នានា ស្តីពីកិច្ចការការពារបេតិកភណ្ឌ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ។

លោកជំទាវបណ្ឌិតសភាចារ្យ បានស្នើសុំសហប្រធាន ICC-Preah Vihear និង តំណាងអង្គការយូណេស្កូ ប្រចាំភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទ ព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ពីសកម្មភាព របស់យោធាថៃ និងស្នើសុំ​អង្គ​ការ​យូណេស្កូប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះ​យោបល់​នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូល​របាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក​នាពេលខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner