គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះការឈ្លាន ពានរបស់ថៃមកលើកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោល​ទោស​យ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃមកលើព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពខុសច្បាប់ និងជាអរិភាពទាំងនេះ បានប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ហើយក៏ជាការបំពាន​យ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងតំបន់ ព្រមទាំងបទដ្ឋានសិទ្ធិមនុស្សដែលត្រូវបាន​ទទួលស្គាល់ជាសកល។

ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបណ្តាលឱ្យជនស៊ីវិលកម្ពុជា​បាត់បង់ជីវិត និងរងរបួស ដែលជាការរំលោភសិទ្ធិរស់រានមានជីវិត។ លើសពីនេះ ការវាយប្រហារបានបង្ខំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់នាក់ ដែលរស់នៅតាមតំបន់​ព្រំដែន​ត្រូវជម្លៀសខ្លួនចេញ ខណៈដែលផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ​ត្រូវបានបំផ្លាញ ដែល ជាការរំលោភលើសិទ្ធិសេដ្ឋកិច្ច និងសិទ្ធិមានលំនៅដ្ឋាន​សមរម្យ​។

ការវាយប្រហារតាមអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងអាវុធ​ធុន​ធ្ងន់របស់ប្រទេសថៃ ដោយបានកំណត់គោលដៅ និងបំផ្លាញផ្នែកខ្លះនៃប្រាសាទ​ព្រះវិហារដ៏ពិសិដ្ឋ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ​(UNESCO) និងវត្តមួយចំនួនរបស់កម្ពុជា គឺជាការរំលោភលើវិស័យវប្បធម៌​និង​សាសនា បំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីការការពារ​សម្បត្តិ​វប្បធម៌​ក្នុងឧបទ្ទវហេតុជម្លោះប្រដាប់អាវុធ ព្រមទាំងរំលោភលើបទប្បញ្ញត្តិ​នានា​របស់អង្គការយូណេស្កូ អនុសញ្ញាបេតិកភណ្ឌពិភពលោក មាត្រា២៧ នៃសេចក្តី​ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) មាត្រា២៧ នៃកតិកា​សញ្ញាអន្តរ​ជាតិ​ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងមាត្រា១៥ នៃកតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR)។

ប្រទេសថៃបានធ្វើសកម្មភាពរើសអើងពូជសាសន៍លើពលករចំណាកស្រុកខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយការវាយដំលើរាងកាយរហូតមានដល់បាត់បង់​ជីវិត ការគំរាមកំហែង និងអំពើហិង្សាក្នុងទម្រង់ផ្សេងៗទៀត ដែលបំពានលើមាត្រា២ និង ៥ នៃអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើស​អើង​ពូជសាសន៍ (ICERD) ដែលប្រទេសថៃជារដ្ឋភាគី និងសេចក្តីប្រកាស សិទ្ធិមនុស្ស​អាស៊ាន (AHRD) មាត្រា៤ ដែលធានាសេរីភាពពីការរើសអើង។ ទង្វើទាំងនេះ បង្កើត​បរិយាកាសនៃការភ័យខ្លាច និងរំលោភលើសិទ្ធិរស់រានមានជីវិត និងសន្តិសុខ​ក្រោមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស(មាត្រា៣)។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជា​ពលរដ្ឋ​កម្ពុជាប្រកាន់ខ្ជាប់នូវសីលធម៌ សេចក្តីថ្លៃថ្នូរ វិន័យ និងចៀសវាងការរើសអើង ឬសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ស្ថានទូតថៃប្រចាំនៅកម្ពុជាក្រុមហ៊ុនថៃ ឬជនជាតិថៃ ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការដោះស្រាយ វិវាទ ទាំងអស់ ដោយ សន្តិវិធី និង ការទូត។ កម្ពុជាជឿជាក់ថា ការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការប្រកា​ន់ខ្ជាប់​នូវច្បាប់អន្តរជាតិ ដែលជាមធ្យោ បាយ ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រក្សា​ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សូមជំរុញដល់រាជ រដ្ឋាភិបាល ថៃ ឱ្យបញ្ឈប់ ជា បន្ទាន់ នូវ រាល់ សកម្មភាព ដែល រំលោភ លើ អធិបតេយ្យភាព របស់ កម្ពុជា ហើយ ត្រូវ ប្រកាន់ ខ្ជាប់ យ៉ាង តឹងរ៉ឹង ចំពោះ កាតព្វកិច្ច របស់ ខ្លួន ក្រោម ច្បាប់ អន្តរជាតិ និង តំបន់។ គណៈកម្មា​ធិការសិទ្ធិមនុស្សកម្ពុជាអំពាវនាវឱ្យមានការដោះស្រាយបញ្ហានេះតាមរយៈការ​សន្ទនាដោយសន្តិវិធី យន្តការការទូត និងច្បាប់សមស្រប ស្របតាមគោល​ការណ៍​នីតិរដ្ឋ និងការគោរពគ្នាទៅវិញទៅមក៕

ដោយ ៖ គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner