ឡិចសុីសRX300 បើកបុកទ្រូងផ្លូវបាក់អស់៣កង់ រួចបើកទៅលាក់ខ្លួនច្រកចូលផ្លូវដឿងហែម ត្រូវសមត្ថកិច្ចរកឃើញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តឡិចសុីសRX300 រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ហើយព្យាយាមបើកគេចខ្លួនទៅប្តូរកង់នៅច្រចូលផ្លូវដឿងហែម តែត្រូវសមត្ថកិច្ចតាមរកឃើញ កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្តុប អុីនដឺខន តាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចសុីសRX300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-1823 បើកបរដោយយុវជនម្នាក់ រួមដំណើរដោយយុវជន២នាក់ទៀតមកជាមួយ ធ្វើដំណើរចេញពីស្តុប អុីនដឺខន មកផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់វៀចអស់៣កង់ ឯរថយន្តបង្កក៏រងការខូចខាតផ្នែកទ្វាខាងឆ្វេង និងបែកកង់មុខផងដែរ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានព្យាយាមបើកគេចខ្លួនទាំងរថយន្តបែកកង់មុខ ។ តែចុងក្រោយនៅតែសមត្ថកិច្ចរកឃើញរថយន្តបង្កដដែល និងបានទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner