រុស្ស៊ីសម្ញែងនាវាមុជទឹកនុយក្លេអ៊ែរថ្មី

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបញ្ចេញសាច់ដុំយោធាទៅកាន់ពិភពលោក តាមរយៈការសម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយ ហើយបានប្រកាសក្តែងៗថា ខ្លួននឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីឱ្យបានចំនួន ៦គ្រឿងនៅត្រឹមឆ្នាំ២០៣០។

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃទី២៤ ខែកក្កដា បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មី ដែលមានឈ្មោះថា «Knyaz Pozharskiy» នៅទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាធាតុផ្សំដ៏សំខាន់បំផុតមួយ នៃកងនាវាមុជទឹកនុយក្លេអ៊ែររបស់យើង ហើយរុស្ស៊ីកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន។

ប្រធានាធិបតីរុស្ស៊ីវ័យ៧៣ឆ្នាំរូបនេះ បានគូសបញ្ជាក់ទៀតថា យើងនឹងអនុវត្តយ៉ាងពេញលេញនូវផែនការបង្កើតកងនាវាចរទំនើប សំដៅធានាសន្តិសុខ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ លោកថា រុស្ស៊ីមានគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីចំនួន ៦គ្រឿងនៅត្រឹមឆ្នាំ២០៣០។

បើតាមវិមានក្រឹមឡាំង នាវា « Knyaz Pozharskiy» គឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ទី៤ បំពាក់ដោយប្រព័ន្ធមីស៊ីល អាវុធបាញ់នាវាទំនើប ប្រព័ន្ធស្វែងរក និងបច្ចេកវិទ្យាប្រើរលកសញ្ញា ព្រមទាំងអាវុធប្រើរលកសញ្ញា និងសំឡេងក្រោមទឹក និងមានភាពបត់បែនខ្ពស់ ក៏ដូចជាប្រព័ន្ធរារាំងសំឡេងមិនឲ្យគេចាប់បាន៕

ប្រភព ៖ AFP និង Armen press ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner