អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ថៃពង្រីការវាយប្រហារដល់ឃុំថ្មដា ស្រុកវាលវែង និងព្រឹកនេះបានវាយប្រហារ ៣ទីតាំងមកលើកម្ពុជា

(ភ្នំពេញ) ៖ មកដល់ពេលនេះកងកម្លាំងរបស់ភាគីថៃកាន់តែគឃ្លើន ប្រកបដោយភាពយង់ឃ្នងបានវាយប្រហារលើជនស៊ីវិលកាន់តែច្រើនឡើង និងនៅថ្ងៃទី២៦ ខែកក្កដានេះ កងទ័ពឈ្លានពានថៃបានពង្រីកការវាយប្រហារបន្ថែមទៀតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ភាគីថៃបានពង្រីកការវាយប្រហារតាមទីតាំងខេត្តផ្សេងៗរបស់កម្ពុជាបន្ថែមទៀត ក្នុងនេះដូចជានៅ វេលាម៉ោង ៥,០២នាទីព្រឹក កងទ័ពថៃ បានបើកការវាយប្រហារ ដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើនក្នុងភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅព្រឹកថ្ងៃដដែលនេះ កងទ័ពឈ្លានពានរបស់ថៃ បានចាប់ផ្តើមធ្វើការ វាយប្រហារផងដែរនៅទីតាំងចំនួន ៣កន្លែងទៀត រួមមាន តាថាវ ជាំក្សាន្ត និង វាលឥន្រ្ទី ។

ក្រសួងការពារជាតិសូមអំពាវនាវ ឱ្យសហគមន៍អន្តរជាតិរួមមានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូអន្តរជាតិពាក់ព័ន្ធ ទាំងអស់ថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការឈ្លានពានទាំងកំរោល និងគឃ្លើនរបស់ភាគថៃ មកលើកម្ពុជា។

យើងខ្ញុំស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីបង្កា ការដាក់ពង្រាយកងទ័ពបន្ថែមទៀតដើម្បីវាយប្រហារមកលើកម្ពុជា ធានាឱ្យថៃគោរព បូរណភាពទឹកដី ពេញលេញកម្ពុជា និងទាមទារឱ្យទទួលខុសត្រូវចំពោះការរំលោភបំពានរបស់ថៃ ទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាក្រុងហ្សឺណែវ និង សន្ធិសញ្ញាមិត្តភាព និង សហប្រតិបត្តិការអាស៊ាន។

កម្ពុជានៅតែមានឆន្ទៈមោះមុតដោះស្រាយជម្លោះវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈពេលជាមួយគ្នានេះកម្ពុជាសូមរក្សាសិទ្ធ ស្វ័យការពារដោយយោងតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការការប្រជាជន អធិបតេយ្យភាព បូរណៈភាព ទឹកដី របស់ខ្លួនឱ្យខាងតែបានដើម្បីប្រឆាំងនឹងសកម្មភាព ឈា្លនពាន និងរំលោភបំពានយ៉ាងគឃ្លើននិងកំរោលរបស់ភាគីថៃ ។

លោកជំទាវបានថ្លែងថា”កម្ពុជា សារជាថ្មី សូមធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះអំពើឈ្លានពានរបស់ភាគីថៃ និងការបង្កហេតុ ការត្រៀមទុកជាមុនរបស់ភាគី ថៃ ។ កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះការការពារ សុខសន្តិភាព និងទោះជាយ៉ាងណាសូមរក្សាសិទ្ធ ក្នុងការការពារអធិបតេយ្យភាពទឹកដី របស់ខ្លួនក្នុងនាមជាជនរងគ្រោះពីការរំលោភបំពានរបស់ថៃ ។ ជាមួយគ្នានេះកម្ពុជាសូមគូសបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍ វាយប្រហារតែលើគោលដៅ យោធាភាគីថៃប៉ុណ្ណោះ មិនមានចេតនាណាមួយវាយប្រហារគោលដៅលើជនស៊ីវិលណាមួយសោះឡើយ ។ ចំពោះចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព ប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយមិនងាករេ ទោះក្នុងតម្លៃណាក៏ដោយ។ មកដល់នេះយើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជា ឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាព របស់ខ្លួនដោយមិនរុញរានូវការគំរាមកំហែងនៃការបង្ខិតបង្ខំរបស់ភាគថៃ ទោះបីជាមានការដាក់សម្ពាធឬក៏ពង្រាយកម្លាំងឈ្លានពាននៅតាមទីតាំងផ្សេងៗ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កម្ពុជាឈរយ៉ាងអង់អាចក្លាហានដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនមិនឱ្យបាត់សម្បីតែមួយមីលីម៉ែត្រសោះឡើយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner