រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប គេចពីក្រុមអ្នកសារព័ត៌មាន ព្រោះមិនហ៊ានប្រឈមមុខ នឹងការភូតកុហករបស់ខ្លួន
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចាត់ទុកតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប គេចពីក្រុមអ្នកសារព័ត៌មាន ព្រោះមិនហ៊ានប្រឈមមុខ នឹងការភូតកុហករបស់ខ្លួន ។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប បានគេចពីក្រុមអ្នកសារព័ត៌មាន, ចំណែក តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅ អ.ស.ប បានជួបជាមួយអ្នកសារព័ត៌មាននិងបានឆ្លើយជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ឯកឧត្តមរដ្ឋមន្ត្រី ចោទជាសំនួរថា តើហេតុអ្វី? ខ្ញុំជឿថា មិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ……មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់របស់ពួកគេ និងទង្វើឈ្លានពានប្រដាប់អាវុធរបស់ពួកគេមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងការបំផ្លាញទីតាំងស៊ីវិល និងទីសក្ការៈបូជា ៕
រូបភាព ៖ នៃកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តសុខអង្គការសហប្រជាជាតិយប់មិញ
ដោយ ៖ វណ្ណលុក


