អាមេរិកនិងអ៊ីស្រាអែលថ្កោលទោសបារាំង ដែលគ្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បរទេស ៖ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសរួមគ្នា ថ្កោលទោសទង្វើ របស់ប្រទេសបារាំង ដែលគ្រោងនឹងប្រកាស ទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីន។

ជំហររួមគ្នា រវាងសម្ព័ន្ធ ចាក់ទឹកមិនលេច ទាំងពីរ បានកើតមានឡើង នៅក្រោយប៉ុន្មានម៉ោង ដែល លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយថា លោកនឹងធ្វើការសម្រេចចិត្ត តំណាងឲ្យប្រទេសបារាំង ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាផ្លូវការ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញា ខាងមុខនេះ ដោយលោកចាត់ទុកថា ជាការអនុវត្ត តាមការប្តេជ្ញាចិត្ត ជាប្រវត្តិសាស្ត្ររបស់ខ្លួន ចំពោះសន្តិភាព ដ៏ត្រឹមត្រូវ និងយូរអង្វែង នៅមជ្ឈិមបូព៌ា។

ទីភ្នាក់ងារព័ត៌មាន al Jazeera បានដកស្រង់សម្តី របស់
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយដែលបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន «បដិសេធ យ៉ាងដាច់អហង្ការ» ចំពោះផែនការ របស់លោក Macron ខណៈដែលរដ្ឋបាល របស់ប្រធានាធិបតី Donald Trump បានប្រកាសថា ខ្លួននឹងមិនចូលរួមសន្និសីទ អង្គការសហប្រជាជាតិ នាពេលខាងមុខ ដើម្បីស្វែងរកដំណោះស្រាយរដ្ឋពីរ សម្រាប់ ប៉ាឡេស្ទីន នោះទេ។ លោក Rubio បានរិះគន់ថា ជាការសម្រេចចិត្ត មិនប្រុងប្រយ័ត្ន របស់មេដឹកនាំបារាំង ហើយ គ្រាន់តែបម្រើដល់ការឃោសនា របស់ពួកសកម្មប្រយុទ្ធ ហាម៉ាស។

រីឯ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបានថ្កោលទោសផងដែរនោះ បានអះអាងថា ទង្វើរបស់បារាំង គឺជាការផ្តល់រង្វាន់ ដល់ភេរវកម្ម ដោយចោទថា រដ្ឋប៉ាឡេស្ទីន នៅក្នុងលក្ខខណ្ឌទាំងនេះ នឹងបំផ្លាញអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បានពណ៌នាបន្ថែម ថា «ជាការអាម៉ាស់ និងការចុះចាញ់ ចំពោះអំពើភេរវកម្ម»។

គួរឲ្យដឹងថា យ៉ាងហោចណាស់ មានប្រទេសចំនួន ១៤២ ក្នុងចំណោម សមាជិក ១៩៣ ប្រទេស របស់អង្គការសហប្រជាជាតិ ទទួលស្គាល់ ឬ គ្រោងទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែ ប្រទេសលោកខាងលិច ដ៏មានឥទ្ធិពលមួយចំនួន រួមទាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អាល្លឺម៉ង់ បានបដិសេធ មិនធ្វើដូច្នេះទេ។

សម្រាប់សមាជិកសហភាពអឺរ៉ុប ក្រៅពីបារាំង ក៏មាន ប្រទេសន័រវេស អៀរឡង់ និងអេស្បាញ ដែលធ្លាប់បានបង្ហាញជំហរ កាលពីខែឧសភាថា ពួកគេបានចាប់ផ្តើមដំណើរ ការទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីន៕

ប្រភពពី al Jazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner