អត្តពលិកជនពិការ ៤៥រូប ចូលរួមការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ លើ ១១វិញ្ញាសា
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ ឆ្នាំ២០២៥ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយនឹងអង្គការបេះដូងមាស និងម្ចាស់ជំនួយជាច្រើនទៀត ។
លោកស្រី Yoneyama ប្រធានអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា យើងបានកំពុង និងសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រៀបចំព្រឹត្តិការនេះ ចាប់តាំងពីឆ្នាំ២០១៧ ។ ការប្រកួតជើងឯកនេះ មានបំណងពង្រឹងសម្ថភាព នៃជនមានពិរភាព បង្កើនសមត្ថភាពគ្រប់គ្រង លើកកម្ពស់ និងលើកទឹកដល់កីឡាជនពិការ និងបន្តការគាំទ្រ ដល់ជនមានពិការភាពនៅកម្ពុជា ក្នុងការសហការជាមួយ គណៈកម្មាធិកាជាតិប៉ារ៉ាឡាំពិក ដែលជនពិការ អាចមានភាពជឿជាក់ និងក្តីស្រមៃតាមរយៈកីឡា និងអាចចូលរួមក្នុងសកម្មភាពសង្គម ។
លោក យី សុភក្ត្រា តំណាងឯកឧត្តម យី វាសនា អគ្គលេខាធិការគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងថា ការប្រកួតជើងឯកនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសហការជាមួយនឹងអង្គការបេះដូងមាស និងម្ចាស់ជំនួយជាច្រើនទៀត ហើយការប្រកួតនេះ ផ្ដោតសំខាន់ទៅលើគណៈកម្មការបច្ចេកទេស ដោយរៀបចំឱ្យតាមស្តង់ដារ ដើម្បីជាការបង្កើន នូវបច្ចេកទេសរបស់របស់មន្ត្រីបច្ចេកទេស ឱ្យបានច្បាស់លាស់ ព្រោះថា បើយើងមិនមានការអនុវត្តទេ យើងអាចនឹងបាត់បង់មួយចំនួន ហើយការប្រកួតនេះ ក៏ជាការពង្រឹងនូវសិទ្ធផលរបស់អត្តពលិក ដើម្បីត្រៀមចូលរួម ការប្រកួតជាតិ និងអន្តរជាតិនានា នៅពេលខាងមុខ ។
លោក យី សុភក្ត្រា បានបន្តថា ការប្រកួតលើកនេះ មាន ១១ វិញ្ញាសា ដោយមានវិញ្ញាសារត់ ១០០ម៉ែត្រ , ៤០០ម៉ែត្រ និងលោតចម្ងាយ ។ អត្តពលិកចូលរួមប្រកួតសរុបចំនួន ៤៥រូប ក្នុងនោះមានកីឡាការនី ១៥រូប ក្នុងនោះ កីឡាការិនី មានការកើនឡើង ជាពិសេស ក៏មានកីឡាករថ្នាល ក៏បានចូលរួមប្រកួតប្រជែងផងដែរ ។
ជាមួយនេះ កីឡាករដែលបានចូលរួមការប្រកួតបានសំដែង ក្ដីរីរីករាយ និងថា កន្លងមក លោកតែងចូលរួមការប្រកួតនេះ ច្រើនដងហើយ ។ លោកបានបង្ហើបពីការខិតខំប្រឹងប្រែង ហ្វឹកហាត់ ក៏ដូចជា ដកស្រង់បទពិសោធន៍ពីកីឡាករដូចគ្នា ទើបបានការប្រកួតនៅថ្ងៃនេះ លោកទទួលបានលទ្ធផលល្អ ហើយលទ្ធផលល្អទទួលបាននៅថ្ងៃនេះ បានជំរុញទឹកចិត្ត ឱ្យលោក ព្យាយាមកាន់តែខ្លាំង ក៏ដូចជាដាក់គោលដៅ យកមេដាយជូនជាតិ ក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខ ។
កីឡាកររូបនេះថា លោកបានចូលប្រឡូកក្នុងវិស័យកីឡា ជនពិការភាពនេះក្នុងឆ្នាំ២០១០ និងបានចូលរួមការប្រកួតនានា ចាប់ពីឆ្នាំ២០១៣ ។ ការចូលប្រឡូកក្នុងវិស័យកីឡានេះ គឺដោយសារចំណង់ចំណូលចិត្តរបស់លោក ក៏ដូចជា មើលឃើញពីរៀមច្បងផ្នែកកីឡានេះ បានទទួលជោគជ័យ និងគិតថា សមត្ថភាពខ្លួនអាចលេងប្រភេទកីឡានេះបាន ។
លោកក៏បានសម្ដែងនូវមោទនភាព បន្ទាប់ពីរកបានមេដាយ ជូនជាតិ ក្នុងនាមជាកីឡាជនមានពិការភាព ។
លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេស សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែរតែងតែជួយគាំទ្រ និងឧបត្ថម្ភ ដល់ក្រុមកីឡាជនពិការទាំងអស់គ្នា ក៏ដូចជា អរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែជួយលើកទឹកចិត្ត និងគាំទ្រ នាពេលកន្លងមក ។
កីឡាកររូបនេះ រួមនឹងអត្តពលិកផ្សេងទៀត បានថ្លែងអំណរគុណ និងសូមឱ្យថ្នាក់ដឹកនាំ ក៏ដូចជា ម្ចាស់ឧបត្ថម្ភរៀបចំការប្រកួតនេះ ឱ្យបានជារៀងរាល់ឆ្នាំ ៕
ដោយ ៖ វណ្ណលុក





