ប្រជាពលរដ្ឋ៥១ម៉ឺន គ្រួសារក្នុងចំណោមប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលជំងឺកូវីដ-១៩ ៥៦ម៉ឺនគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពជារួចហើយ

អត្ថបទដោយ៖
Kien Sereyvuth

ការបង្ហាញតួលេខនោះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រឆាំងជំងឺកូវីដ១៩នៅថ្ងៃទី៩ កក្កដានេះ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត្រ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រសួង តំណាងអង្គការដៃគូ និងតំណាងក្រសួងពាក់ព័ន្ធ ជាច្រើនរូបទៀត។

នាឱកាសនោះ លោករដ្ឋមន្រ្តី វង សូត មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពជា បានចំនួន ៥១០២៤៥គ្រួសារ លើប្រជាពលរដ្ឋប្រមាណ៥៦ម៉ឺនគ្រួសារ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅសេសសល់ដែលមិនទាន់បានបើកប្រាក់ ឲ្យរួសរាន់មកបើកឲ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបានអនុវត្ដ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា ពោលគឺជុំទី១ សូមទៅបើកជុំទី២ គឺនៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលជាការបើកក្នុងខែទី២ ជុំទី២ របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារវីងតែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។ សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនោះ គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner