លោក Trump ថា ក្រុម Hamas ចង់ស្លាប់ ច្រើនជាងចង់បានបទឈប់បាញ់

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២៥ ខែកក្កដាថា ក្រុមហាម៉ាស់មិនចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សានោះទេ ពួកគេចង់ស្លាប់ច្រើនជាង ដូច្នេះអាមេរិក និងអ៊ីស្រាអែល នឹងឈប់ខាតពេលចរចាទៀតហើយ។

លោកប្រធានាធិបតី ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា វាជារឿងអាក្រក់ណាស់ ក្រុមហាម៉ាសពិតជាមិនចង់បានកិច្ចព្រមព្រៀងទេ ដូច្នេះខ្ញុំគិតថា ពួកគេចង់ស្លាប់ច្រើនជាង។

លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បានបន្ថែមថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនទាន់ត្រៀមខ្លួនរួចរាល់ មកក្នុងការប្រគល់ចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្គាហ្សានោះទេ ពីព្រោះពួកគេដឹងពីអ្វីដែលកើតឡើង បន្ទាប់ពីការទទួលបានចំណាប់ខ្មាំងចុងក្រោយ។

ចំណែកបេសកជនពិសេសរបស់លោក ត្រាំ គឺលោក ស្ទេវ វីតខូសហ្វ បានចោទប្រកាន់ក្រុមហាម៉ាស់ថា គ្មានភាពសុច្ចរិតនៅក្នុងការចរចាដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ទេ។

រីឯមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក បាស៊ឹម ណែម បានចោទប្រកាន់លោក វីតខូសហ្វ វិញថា បាននិយាយបំភ្លៃការពិតនៃកិច្ចពិភាក្សា និងដើរបញ្ច្រាស់ពីកិច្ចព្រមព្រៀងដែលបានឈានដល់រវាងភាគីនានា។ លោកថា លោក វីតខូសហ្វ កំពុងកាន់ជើងអ៊ីស្រាអែល។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា រួមគ្នាជាមួយសម្ព័ន្ធមិត្តអាមេរិករបស់យើង ឥឡូវនេះយើងកំពុងពិចារណាពីជម្រើសផ្សេងទៀត ដើម្បីនាំយកចំណាប់ខ្មាំងរបស់យើងមកផ្ទះវិញ បញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅហ្គាហ្សា និងធានាសន្តិភាពយូរអង្វែង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner