រុស្ស៊ីស្នើកម្ពុជា-ថៃ ដោះស្រាយជម្លោះ ក្នុងស្មារតីសាមគ្គីភាពអាស៊ាន
បរទេស ៖ រុស្ស៊ីបានស្នើដល់ កម្ពុជានិងថៃ ដោះស្រាយជម្លោះ ដោយសន្តិវិធី ក្នុងស្មារតីឯកភាព និង សាមគ្គីភាព ដែលមាននៅក្នុងអាស៊ាន។
យោងតាមក្រសួងការបរទេសរុស្ស៊ី ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកស្រី Maria Zakharova អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតប ចំពោះសំណួរ របស់អ្នកសារព័ត៌មាន អំពីជម្លោះព្រំដែន កម្ពុជា-ថៃ។
ជាជម្លោះ ដែលផ្តើមចេញពីទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា «យើងប្រកាន់ខ្ជាប់ នូវគោលជំហរថា ក្នុងបរិបទ នៃស្ថានការណ៍ទូទៅ ដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក វាមានសារៈសំខាន់ណាស់ ក្នុងការស្វែងរកមធ្យោបាយ ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយជម្លោះ ក្នុងស្មារតីឯកភាព និង សាមគ្គីភាព ដែលមាន នៅក្នុងអាស៊ាន»។
បើតាមលោកស្រី Maria Zakharova ដដែល ភាគីរុស្ស៊ី បង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការកើនឡើង នៃជម្លោះ ហើយ អំពាវនាវឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ និងចាប់ផ្តើមការសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហា កម្ពុជា-ថៃ ដោយសន្តិវិធី៕
ប្រភពពី ៖ ក្រសួងការបរទេសរុស្ស៊ី, ប្រែសម្រួល៖ សារ៉ាត
