ឯកឧត្តម ប៉ែន បូណា ៖ ៣ថ្ងៃនេះកងទ័ពឈ្លានពានថៃ វាយប្រហារលើទីតាំងជនស៊ីវិលជាច្រើនកន្លែង បង្កឱ្យពលរដ្ឋកម្ពុជារងរបួស និង ស្លាប់ច្រើននាក់

(ភ្នំពេញ)៖ កងទ័ពឈ្លានពាន ថៃ បានបាញ់ និងទម្លាក់គ្រាប់បែក ទៅលើគោលដៅស៊ីវិលជាច្រើនក្នុងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលបង្កឱ្យពលរដ្ឋស្លូតត្រង់ ស្លាប់ និងរងរបួសជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្ន ភាពនៃ ការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។

ការទម្លាក់គ្រាប់បែករបស់ថៃមកលើជនស៊ីវិលស្លូតត្រង់មានដូចជា ៖

ទី១ បានទម្លាក់គ្រាប់បែក កំទេចវត្តមួយ នៅវត្តតាមាន់សែនជ័យ ដែលមានទីតាំង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ធ្វើឱ្យទីតាំងគោរពបូជាសាសនាមួយនេះ ខ្ទេចខ្ទាំយ៉ាងខ្លាំង រហូតធ្វើឱ្យស្លាប់អាចារ្យម្នាក់ក្នុងវត្តថែមទៀត។

ទី២ ថៃបានផ្លោងគ្រាប់បែក កំទេចមណ្ឌលសុខភាពមួយ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ នៅពេលដែលគេព្យាបាលជំងឺ ,ទី៣ ថៃបានបាញ់ចូលភូមិឋាន ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋខ្ទិចខ្ទាំ រួមទាំងកុមារផងដែរ បន្ទាប់មកទៀត មានស្ថានីយ៍ឥន្ទនៈមួយ ក៏ត្រូវបានបំផ្លិចបំផ្លាញ នៅក្នុង ខេត្តឧត្តរមានជ័យ ។ ថៃ ក៏បានបាញ់គ្រាប់បែបចូលទៅក្នុងប្រាសាទព្រះវិហារ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ សម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងចេតនាបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ឱ្យវិនាសសាបសូន្យ ក្រៅពីនោះថៃ ក៏បានបាញ់គ្រាប់ចូលសាលារៀន ដែលជាទីកន្លែងសិក្សា របស់សិស្សានុសិស្ស នៃប្រទេសកម្ពុជានៅក្នុងក្រុងសំរោង។

ជាមួយគ្នានេះអ្នកនាំពាក្យរដ្ឋាភិបាល គូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បានចោទប្រកាន់កម្ពុជា ទាំងបំពានខុសការពិតថា កម្ពុជាបានកំណត់យកគោលដៅស៊ីវិល មន្ទីរពេទ្យជាដើម ធ្វើជាគោលដៅបាញ់ប្រហារ ហើយបានចោទកម្ពុជាទៀតថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ នាយករដ្ឋមន្ត្រីស្តីទីថៃ បែរជាបំភ្លៃថាខ្លួនឯងជាអ្នក ស្រលាញ់សន្តិភាព សម្តែងការអត់ធ្មត់ ហើយចោទថា កម្ពុជា ជាអ្នកគំរាមប្រទេសខ្លួនទៅវិញ ។

ជាមួយការចោទប្រកាន់យ៉ាងងងើលរបស់ភាគីថៃឈ្លានពាននេះដែរ ឯកឧត្តម ប៉ែន ប៉ូណា បានថ្លែងថា កម្ពុជា សុំបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់មួលបង្កាច់ បំភ្លើសបំភ្លៃខុសពីការពិតទាំងស្រុង របស់នាយករដ្ឋមន្ត្រីស្តីទីថៃ ហើយកម្ពុជា សូមថ្កោលទោសការឈ្លានពាន យ៉ាងកម្រោល រំលោភច្បាប់អន្តរជាតិ របស់ប្រទេសថៃ មកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា កម្ពុជា គឺជាប្រទេសរងគ្រោះដោយសារការ ឈ្លានពាន របស់ ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹង កម្ពុជារងការគំរាមកំហែង គ្រប់បែបយ៉ាងពីសំណាក់កងទ័ពថៃ ដែលឈានទៅដល់ការវាយប្រហារ យ៉ាងកំរោលផ្នែកយោធា មកលើប្រទេសកម្ពុជា កាលពីថ្ងៃ២៤ ខែកក្កដា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពី ប្រើសិទ្ធិតបត ដើម្បីការពារខ្លួន ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អ ន្តរជាតិ និងស្របតាមច្បាប់ជាតិកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner