កូរ៉េខាងត្បូងជំរុញឲ្យកម្ពុជា-ថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
សេអ៊ូល ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែកក្កដា បានជំរុញភាគីកម្ពុជា និងថៃឱ្យដោះស្រាយដោយសន្តិវិធី នូវជម្លោះប្រដាប់អាវុធដែលកំពុងកើនឡើងនៅតាមព្រំដែនប្រទេសទាំងពីរ តាមរយៈការសន្ទនា នេះបើតាមសារព័ត៌មាន Yunhap។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lee Jae-woong បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា យើងជំរុញទាំងភាគីកម្ពុជា និងថៃ ឲ្យបន្ធូរបន្ថយភាពតានតឹង ហើយវិកមកដោះស្រាយស្ថានការណ៍ដោយសន្តិវិធីតាមរយៈការសន្ទនា។
បើតាមសារព័ត៌មាន Yunhap, កម្ពុជា និងថៃ តែងប៉ះទង្គិចគ្នាជាញឹកញាប់ជុំវិញព្រំដែនដីគោករួមគ្នា ដែលជាជម្លោះនៅតែមិនទាន់ដោះស្រាយបាន ដោយសារការទាមទារទឹកដីដ៏ចម្រូងចម្រាស់តាំងពីសម័យអាណានិគមបារាំង៕
ប្រភព ៖ Yunhap ប្រែសម្រួល ៖ ឈឹម ទីណា

