អាជ្ញាធរមីន អំពាវនាវឱ្យពលរដ្ឋនៅតាមព្រំដែនប្រុងប្រយ័ត្នគ្រាប់បែកចង្កោម ដែលអាចសល់ពីការវាយប្រហាររបស់ថៃ
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតំបន់ជាប់ព្រំដែន ឱ្យមានការប្រុងប្រ យ័ត្នខ្ពស់ចំពោះគ្រាប់ចង្កោម ដែលអាចសល់ពីការវាយប្រហាររបស់ថៃ។

ក្នុងសេចក្តីអំពាវនាវ អាជ្ញាធរមីន បានឱ្យដឹងថា ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ ។

ជាថ្មីម្តងទៀត អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបាន ប្រើប្រាស់គ្រាប់បែកចង្កោម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋជាពិសេស កុមារទទួលរងរបួស ខូចខាតទ្រព្យសម្បត្តិ និងមានជនភាសឹកជាច្រើនពាន់នាក់។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមទាំងនោះ អាជ្ញាធរមីន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ព្រំដែន ដូចតទៅ ៖
១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់បែកចង្កោម (គ្រាប់មានរូបរាងស្រដៀងនឹងរូបភាពភ្ជាប់) សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
២. នៅពេលប្រទះឃើញគ្រាប់ដែលមានភិនភាគដូចរូបភ្ជាប់ សូមរាយការណ៍ជាបន្ទាន់មកកម្លាំង ប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ឬ ប្រតិបត្តិករបោសសម្អាតមីន ដែល នៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ។
ក្នុងការវាយប្រហារពីប្រទេសថៃ អាជ្ញាធរមីន ក៏បានថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ និងកុមារ ទទួលរងរបួស ខូចខាតទ្រព្យសម្បត្តិ និងមានជនភៀសខ្លួនជាច្រើន ៕
ដយ ៖ វណ្ណលុក
