សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះទទួលស្វាគមន៍ ពលរដ្ឋខ្មែរនៅថៃ សម្រុកចូលមកខ្មែរច្រើនម៉ឺននាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋខ្មែរនៅថៃ បានកើនឡើងជាង ៣ម៉ឺននាក់ហើយ គិតត្រឹមម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រុកមកខ្មែរវិញតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ត្រូវគេឃើញបានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យប្រជាពលករខ្មែរបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ខណៈនេះ អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធកំពុងមមាញឹករៀបចំសម្រួលទទួល និងជូនដំណើរប្រជាពលរដ្ឋខ្មែរចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ។

ពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមឈ្លានពានកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ការវិលត្រឡប់របស់បងពលករខ្មែរជាបន្តបន្ទាប់នេះ ត្រូវគេបញ្ជក់ថា បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ រដ្ឋបាលខេត្តបាត់ដំបង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner